(ណៃពិដោ)៖ នៅថ្ងៃពុធនេះ កងទ័ពព្រមទាំងសព្វាវុធផ្សេងៗរបស់ប្រទេសមីយ៉ាន់ម៉ា បានបង្ហាញវត្តមានក្នុងពិធីព្យុហយាត្រាយោធា ដែលត្រូវបានប្រារព្ធឡើងនៅរដ្ឋធានីណៃពិដោ ដើម្បីអបអរឱកាសបុណ្យឯករាជ្យជាតិ បន្ទាប់ពីរបបយោធាបានបង្កើនរយៈពេល​ជាប់ពន្ធនាគារ របស់អតីតមេដឹកនាំគឺ លោកស្រី អោងសាន ស៊ូជី ដល់សរុប៣៣ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣។

ក្នុងពិធីព្យុហយាត្រាយោធាខាងលើ ដែលធ្វើឡើងសម្រាប់ឱកាសខួបទី៧៥ គិតចាប់តាំងពីមីយ៉ាន់ម៉ាទទួលបានឯករាជ្យពីអង់គ្លេស គឺរួមមានរថក្រោះ ប្រព័ន្ធបាញ់មីស៉ីល រថពាសដែក និងរថយន្តយោធាជាដើម ហើយក្រៅពីកងទ័ព មន្រ្តីស៉ីវិល និងសិស្សសាលាក៏បានចូលរួម​ផងដែរ។ ទន្ទឹមគ្នានោះ ក៏មានការព្រលែងសត្វព្រាបសន្តិភាពប្រមាណ ៧៥០ក្បាលថែមទៀតផង។

ថ្លែងក្នុងពិធីនោះ ប្រមុខដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង បានចោទប្រកាន់ប្រទេសមួយចំនួនថា បានជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុង របស់ប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលស៉ីវិលរបស់លោកស្រី អោងសាន ស៊ូជី។

គួរបញ្ជាក់ថា តំបន់ជាច្រើននៃប្រទេសអាស៊ានមួយនេះ បានក្លាយជាកន្លែងប្រយុទ្ធគ្នារវាងកងទ័ពរបស់របបយោធា និង​ក្រុមឧទ្ទាមប្រឆាំងរដ្ឋប្រហារ ចាប់តាំងតែពីយោធាបានដណ្តើមឡើងកាន់អំណាច កាលពីជិត២ឆ្នាំមុនមក។ រដ្ឋាភិបាលយោធា ដែលទើបតែបិទបញ្ចប់ដំណើរការកាត់ទោសលោកស្រី ស៊ូជី កំពុងត្រៀមរៀបចំការបោះឆ្នោតសកលថ្មីមួយ នៅក្នុងឆ្នាំ២០២៣នេះ៕