(វ៉ាសូវី)៖ ក្រសួងការបរទេសអាល្លឺម៉ង់ប្រចាំនៅទីក្រុងវ៉ាសូវី បានឲ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា អាល្លឺម៉ង់បានច្រានចោលសំណងដ៏ច្រើនលើសលប់ជុំវិញសង្គ្រាមលោកលើកទី ២ ដោយសំអាងលើកំណត់សំគាល់ការទូតដែលថាបញ្ហានេះត្រូវបានបិទបញ្ចប់ហើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣។
ប្រទេសប៉ូឡូញប៉ាន់ស្មានការខាតបង់ក្នុងសង្គ្រាមលោកលើកទី២ ដែលបង្កឡើងដោយប្រទេសអាល្លឺម៉ង់គឺមានចំនួន ១.៤ពាន់ពាន់លានដុល្លារ ហើយបានទាមទារសំណង។ ប៉ុន្តែទីក្រុងបែរឡាំង បានអះអាងម្តងហើយម្តងទៀតថា ការទាមទារសំណងទាំងអស់ដែលទាក់ទងនឹងសង្រ្គាមត្រូវបានដោះស្រាយរួចហើយ។ អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ បាននិយាយថា ខ្លួនបានឆ្លើយតបទៅនឹងលិខិតដែលផ្ញើដោយប៉ូឡូញអំពីប្រធានបទនេះកាលពីខែតុលា ហើយមិនបានធ្វើអត្ថាធិប្បាយពីខ្លឹមសារនៃការឆ្លើយឆ្លងការទូតនោះទេ។
នៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ លោក អាកាឌូស ម៊ូឡាក់ហ្ស៉ិក (Arkadiusz Mularczyk) អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ បានគូសបញ្ជាក់ថា «ចម្លើយបែបនេះ បានបង្ហាញពីអាកប្បកិរិយាមិនគោរពចំពោះប៉ូឡូញ។ អាល្លឺម៉ង់មិនបន្តគោលនយោបាយមិត្តភាពចំពោះប៉ូឡូញទេ ពួកគេចង់កសាងឥទ្ធិពលរបស់ពួកគេនៅទីនេះ ហើយចាត់ទុកប្រទេសប៉ូឡូញជារដ្ឋបព្វជិតមួយ»។
គួរបញ្ជាក់ថា ប្រជាជនប៉ូឡូញប្រហែល ៦លាននាក់ រួមទាំងជនជាតិយូដាប៉ូឡូញ ចំនួន ៣លាននាក់ ត្រូវបានសម្លាប់ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ហើយទីក្រុងវ៉ាសូវី ត្រូវបានកម្ទេចចោលបន្ទាប់ពីការបះបោរឆ្នាំ១៩៤៤ ដែលជនស៊ីវិលប្រហែល ២០០,០០០នាក់ ស្លាប់។ ក្រោយមកនៅឆ្នាំ ១៩៥៣ មេដឹកនាំកុម្មុយនិស្តនៃប្រទេសប៉ូឡូញនៅពេលនោះ បានបោះបង់ចោលរាល់ការទាមទារសំណងសង្គ្រាម ក្រោមសម្ពាធពីអតីតសហភាពសូវៀត ដែលចង់រំដោះប្រទេសអាល្លឺម៉ង់ខាងកើត ដែលជារណបសូវៀត ពីបំណុលណាមួយ។
ប៉ុន្តែ គណបក្សច្បាប់ជាតិនិយមប៉ូឡូញដែលកំពុងកាន់អំណាច បាននិយាយថា កិច្ចព្រមព្រៀងនោះមិនត្រឹមត្រូវទេ ដោយសារប៉ូឡូញមិនអាចចរចាសំណងដោយយុត្តិធម៌ និងអំពាវនាវឱ្យមានសំណងឡើងវិញចាប់តាំងពីឆ្នាំ ២០១៥៕