(មូស្គូ)៖ អ្នកជាតិនិយមមួយក្រុមតូចដែលផ្ដល់ការគាំទ្រដល់ស្ត្រីមេម៉ាយជាភរិយារបស់ទាហានរុស្ស៊ីដែលពលីក្នុងសមរភូមិ បានអំពាវនាវឲ្យប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ចេញបញ្ជាឲ្យមាន កែនកងទ័ពទ្រង់ទ្រាយធំរាប់លាននាក់បន្ថែម ហើយបិទព្រំដែនដើម្បីធានាបានជ័យជម្នះនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣។

ក្នុងសារបង្ហោះនៅលើបណ្តេញតេឡេក្រាម ក្រុម Soldiers' Widows of Russia បានគូសបញ្ជាក់ថា «យើងសូមស្នើដល់ប្រធានាធិបតីរបស់យើងគឺ លោក វ្ល៉ាឌីមៀ ពូទីន អនុញ្ញាតឲ្យ កងទ័ពរុស្ស៊ី អនុវត្តការកែនកងទ័ពទ្រង់ទ្រាយធំ។ យើងសូមស្នើដល់ប្រធានាធិបតីរបស់យើង អគ្គមេបញ្ជាការកំពូលរបស់យើង ហាមឃាត់បុរសដែលគ្រប់អាយុបម្រើយោធា ចាកចេញពី ប្រទេស។ ហើយយើងមានសិទ្ធិពេញលេញខាងសីលធម៌ដើម្បីធ្វើរឿងនេះ ប្តីរបស់យើងបានស្លាប់ដើម្បីការពារបុរសទាំងនេះ ប៉ុន្តែតើអ្នកណានឹងការពារយើងប្រសិនបើពួកគេរត់គេច?»

វិមានក្រឹមឡាំងមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ លើការអំពាវនាវពីក្រុមស្ត្រីមេម៉ាយឡើយ។ លោក ពូទីន បាននិយាយកាលពីខែមុនថា មិនចាំបាច់មាន ការកែនទ័ពបន្ថែមនោះទេ។

គួរបញ្ជាក់ថា ក្រោយពីលោក ពូទីន បានចេញបញ្ជាឲ្យុមានកែនទ័ព ចំនួន៣០០,០០០នាក់ កាលពីខែកញ្ញា ឆ្នាំ២០២២ បុរសរុស្ស៊ីរាប់សែននាក់ទៀតបានភៀសខ្លួនទៅក្រៅប្រទេស ដើម្បីចៀសវាងការចូលរួមធ្វើសង្រ្គាម៕