(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយុល នៅថ្ងៃពុធនេះបានព្រមានលុបចោលកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េកាលពីឆ្នាំ២០១៨ ដែលសម្រេចឡើងបានដោយ អតីតប្រធានាធិបតី លោក មូន ចែអ៉ីន និងលោក គីម ជុងអ៊ុន ប្រសិនបើកូរ៉េខាងជើងទន្ទ្រាញ ឬបំពានចូលដែនអាកាសកូរ៉េខាងត្បូងសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣។
ទីភ្នាក់ងារសារព័ត៌មាន AFP ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ ដែលដកស្រង់សម្ដីពីមន្ត្រីការិយាល័យរបស់ លោក យូន សុកយុល។ លោកស្រី គីម អ៊ុន ហេ (Kim Eun-hye) ជាអ្នកនាំពាក្យរបស់លោក យូន បានគូសបញ្ជាក់ដូច្នេះថា «លោកប្រធានាធិបតី យូន សុកយុល បានណែនាំឱ្យ ការិយាល័យសន្តិសុខជាតិ ពិចារណាលើការលុបចោលកិច្ចព្រមព្រៀងយោធាកាលពីថ្ងៃទី១៩ ខែកញ្ញា (ឆ្នាំ២០១៨) នៅក្នុងករណីកូរ៉េខាងជើងធ្វើសកម្មភាពបង្ករឿងបំពានចូលទឹកដីរបស់ យើងសាជាថ្មី»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ កូរ៉េខាងត្បូងបានចល័តយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រយោធាប្រភេទប្រយុទ្ធ ហើយថែមទាំងបាញ់គ្រាប់ព្រមានទៀតផង បន្ទាប់ពី យន្តហោះដ្រូនកូរ៉េខាងជើងយ៉ាងហោច ៥គ្រឿង បានហោះទន្រ្ទានចូលមកក្នុងដែនអាកាសរបស់ខ្លួន។ យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រប្រយុទ្ធរបស់កូរ៉េខាងត្បូង ត្រូវបានចល័តឡើង ផ្ទៃអាកាស ដើម្បីកម្ចាត់ដ្រូនកូរ៉េខាងជើងទាំងនោះ។ ហេតុការណ៍ខាងលើ ក៏បានបណ្តាលឱ្យជើងហោះហើរស៉ីវិលប្រភេទចាកចេញ នៅឯព្រលានយន្តហោះក្នុងទីក្រុងអ៉ីនឈាន់ (Incheon) និងទីក្រុងហ្គីមប៉ូ (Gimpo) ផ្អាកប្រតិបត្តិការអស់រយៈពេលខ្ទង់១ម៉ោងផងដែរ ហើយនេះជាការទន្ទ្រាញចូលដែនអាកាសកូរ៉េខាងត្បូងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក៕