(សៀងហៃ)៖ អ្នកជំងឺកូវីដ-១៩ វ័យចំណាស់ បានកកកុញនៅតាមច្រករបៀងមន្ទីរពេទ្យក្នុងទីក្រុងសៀងហៃកាលពីថ្ងៃអង្គារ ខណៈដែលរលកនៃករណីកូវីដ-១៩ បានបក់បោកពាសពេញទីក្រុងធំៗរបស់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២៣។
អ្នកកាសែត AFP បានរាយការណ៍ថា នៅមន្ទីរពេទ្យចំនួនពីរក្នុងទីក្រុង បានឃើញអ្នកជំងឺវ័យចំណាស់រាប់រយនាក់ ដែលភាគច្រើនកំពុងដេកលើគ្រែក្នុងទីសាធារណៈ ខណៈដែលបន្ទប់សង្គ្រោះបន្ទាន់ត្រូវបានបំពេញលើសពីសមត្ថភាព។
ទីក្រុងប៉េកាំងកាលពីខែមុនបានរុះរើសសរស្តម្ភសំខាន់ៗ នៃគោលនយោបាយប្រឆាំងកូវីដ-១៩ របស់ខ្លួនយ៉ាងឆាប់រហ័ស ដោយលុបចោលវិធានការបិទខ្ទប់ភ្លាមៗ ការធ្វើតេស្តទ្រង់ទ្រាយធំ និងការដាក់ឱ្យនៅដាច់ពីគេជាដើម។
ការដកវិធានការរឹតបន្តឹងដែលមានរយៈពេល ៣ឆ្នាំនេះ បានជំរុញឱ្យមានការធូរស្រាលនៅទូទាំងប្រទេស ប៉ុន្តែបានធ្វើឱ្យមានការឆ្លងមេរោគជាច្រើន នៅក្នុងប្រព័ន្ធថែទាំសុខភាពដែលទ្រុឌទ្រោមរបស់ប្រទេស៕