(បរទេស)៖ បុរសអាយុ២៩ឆ្នាំម្នាក់ រស់នៅក្នុងប្រទេសហ្គាណា គឺជាបុរសដែលមានកំពស់ខ្ពស់ជាងគេលើពិភពលោក។ លោក Sulemana Abdul Samed មានកម្ពស់២ម៉ែត្រ៨៩ ដែលជាកម្ពស់ខ្ពស់ដាច់គេលើពិភពលោកនេះ។ តើបុរសជាតិហ្គាណានោះ ជួបនឹងអម្ពូតហេតុអ្វីបានជាដងខ្លួន និងរាងកាយបានលូតលាស់ខ្ពស់យ៉ាងនេះ?
មន្ទីរពេទ្យក្នុងស្រុកមួយនាភាគខាងជើងនៃប្រទេសហ្គាណា បានថ្លែងថាមនុស្សម្នាក់ដែលមានអាយុ២៩ឆ្នាំ ឈ្មោះ Sulemana Abdul Samed គឺជាបុរសដ៏ខ្ពស់ម្នាក់កម្ពស់២,៨៩ម៉ែត្រ ឬ៩ហ្វីត៦អ៊ីញ។ កំពស់នេះ បានធ្វើឱ្យបុរសអាយុ ២៩ឆ្នាំ ជនជាតិហ្គាណានោះ ក្លាយជាមនុស្សដ៏ខ្ពស់ជាងគេម្នាក់លើពិភពលោកនេះ។ នាប៉ុន្មានឆ្នាំមុននេះ បុរសនោះត្រូវបានចូលរួមក្នុងការណាត់ជាប្រចាំខែ ដើម្បីដោះស្រាយជុំវិញជីវិតស្មុគស្មាញរស់នៅរបស់គាត់ ដែលមានសភាពដូចជាមនុស្សយក្ខ។ ពេលនោះគេបានប្រាប់គាត់ឱ្យឈរក្បែរដំបងដ៏ត្រង់មួយ ដែលគេដាក់សម្រាប់វាស់កំពស់ ប៉ុន្តែពេលនោះគិលានុប្បដ្ឋាយិកាម្នាក់បានស្រែកយ៉ាងរន្ធត់ថា «កំពស់របស់គាត់ លើសពីខ្នាតវាស់របស់គេហើយ»។
បុរសម្នាក់នោះ ត្រូវបានគេដាក់ឈ្មោះក្រៅ Awuche ដែលមានន័យថា «Let’s Go» តោះទៅជាភាសា Hausa របស់អ្នកស្រុកហ្គាណា។ មនុស្សជាច្រើនពេលឃើញមនុស្សខ្ពស់ដូចគាត់ បានស្រែកភ្ញាក់ផ្អើល ប៉ុន្តែចំពោះ Sulemana Abdul Samed វាជារឿងធម្មតាទៅហើយៗគាត់ត្រូវពេទ្យនិយាយថា នឹងបន្តលូតកំពស់ថែមទៀត។ ក្រុមគ្រូពេទ្យខ្លះបានព្យាយាមចង់បំបែកការពិត ដែលជាប់ពាក់ព័ន្ធនឹងរឿងនេះផងដែរ ប៉ុន្តែគេមិនអាចដោះស្រាយបានឡើយជុំវិញមូលហេតុ ដែលធ្វើឱ្យបុរសជាតិហ្គាណារូបនោះបានក្លាយជាមនុស្សដ៏ធំជាងគេលើពិភពលោកឡើយ។ នេះជាទិដ្ឋភាពចាស់មួយដែលពេលនោះលោក Sulemana Abdul Samed មានអាយុ ២៧ឆ្នាំ។ លោកបានរំលឹកនូវហេតុការណ៍មួយក្រោយពេលភ្ញាក់ពីដំណេក។
លោក Sulemana Abdul Samed បានថ្លែងថា «ខ្ញុំមានអាយុ២៧ឆ្នាំ។ អ្នកដឹងទេនៅពេល ដែលមនុស្សណាម្នាក់បានឃើញអ្នក ស្រាប់តែឱ្យអាយុ ទៅអ្នកដូចជាមនុស្សអាយុ ៤០ឆ្នាំ ឬ៥០ឆ្នាំនោះ ប៉ុន្តែតាមពិតខ្ញុំមានអាយុតែ២៧ឆ្នាំទេ»។ តាមពិតទៅ Sulemana Abdul Samed មិនមែនកើតមកមានកម្ពស់ខ្ពស់ខុសគេនោះទេ។ បុរសរូបនេះបានថ្លែងថា ក្នុងពេលដែលគាត់មានអាយុ២២ឆ្នាំ រស់នៅក្នុងក្រុង Accra ស្រាប់តែមានហេតុការណ៍ចម្លែកបានកើតឡើង។ បុរសដែលមានរហស្សនាម Awuche បានថ្លែងថា ក្រុង Accra គឺជាក្រុងមួយដែលគាត់បានទៅរកស៊ីផង និងរៀនផងដែលពេលនោះគាត់ទើបបញ្ចប់ថ្នាក់កម្រិតសិក្សាទិ២។ លោកបានថ្លែងថា នៅពេលមួយដែលបានភ្ញាក់ពីដំណេក ស្រាប់តែភ្ញាក់នឹងខ្លួនឯង ដែលបានដកកម្ពស់។ ចំណែកជើងរបស់គាត់ស្រាប់តែធំយ៉ាងច្រើន ដែលទំហំនោះ ហួសពីទំ ហំស្បែកជើងគាត់ពាក់ទៅទៀត។
លោក Sulemana Abdul Samed បានថ្លែងថា «យប់មួយនោះដែលគាត់បានដេក និងពេលនោះបានភ្ញាក់ឡើងធម្មតា ប៉ុន្តែខ្ញុំបានឃើញថាដងខ្លួនខ្ញុំបានរីកធំ អ្នកឃើញទេ? ខ្ញុំឃើញខ្លួនខ្ញុំរីកធំ អណ្តាតរបស់ខ្ញុំរីកឡើងធំនៅក្នុងមាត់ដែលអ្វីទាំងនេះស្ទើរតែខ្ញុំមិនអាចជឿបានឡើយ ខ្ញុំបានប្រញាប់ធ្វើដំណើរចូលក្រុង Lapaz ពេលនោះបងប្រុសខ្ញុំទាំងអស់បានបញ្ជូន ខ្ញុំទៅកាន់គ្លីនីកមួយនៅម្តុំនោះ។ ពិតមែនហើយអ្វីៗទាំងអស់ស្រាប់តែរីកធំក្នុងមួយយប់នោះ។ ដូចអ្នកបានឃើញ នេះគឺជាស្បែកជើងរបស់ខ្ញុំ។ ខ្ញុំមិនដែលពាក់ស្បែកជើងសង្រែកទេ។ តាមធម្មតាខ្ញុំពាក់ស្បែកជើង Cambo និងស្បែកជើង slippers ហើយចាប់តាំងពីយប់មួយនោះមក ខ្ញុំចាប់ផ្តើមពាក់អ្វីៗដែលធំជាងមុនទាំងអស់។ ខ្ញុំចាប់ផ្តើមដកកម្ពស់ ហើយខ្ញុំក៏មិនដឹងថាវាជាមូលហេតុអ្វីដែរ។ លោកបានថ្លែងថា ពេលនោះលោកក៏បានទៅហាងលក់ថ្នាំពេទ្យមួយដើម្បីទិញថ្នាំ ប៉ុន្តែច្រើនថ្ងៃក្រោយមក លោកមានអារម្មណ៍ថារាងកាយរបស់លោកទាំងអស់ ចាប់ផ្តើមរីកនិងដកកម្ពស់បន្តិចម្តងៗដូចជាមនុស្សយក្ស។
បណ្តាសាច់ញាតិបងប្អូននិងមិត្តភក្តិរបស់ Sulemana Abdul Samed បានថ្លែងថាគេក៏មិនយល់ ដែរហេតុអ្វីបានជាក្នុងរយៈពេលមួយយប់នោះ ស្រាប់តែបានកែរូបរាងទាំងអស់របស់ Sulemana Abdul Samed នោះដែរ។ មិនមានអ្នកណាម្នាក់អាចបញ្ជាក់ថាតើបុរសនោះ បានកើតជម្ងឺអ្វីនោះដែរ។ ម្តាយរបស់ Sulemana Abdul Samed បានស្លាប់ក្នុងឆ្នាំ២០១៥ និងឳពុករបស់គាត់បានស្លាប់ បន្តមកទៀតក្នុងឆ្នាំ២០១៩។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះបុរសជាតិហ្គាណានោះ ត្រូវគេនិយាយថាកំពស់របស់គាត់ ហាក់ដូចមិនបញ្ឈប់ត្រឹមនេះទេ។
គួរបញ្ជាក់ថា មុននេះ កំណត់ត្រារបស់ពិភពលោក Guinness World Record បាននិយាយថា បុរសដែលខ្ពស់ជាងគេលើពិភពលោកមានឈ្មោះ Sultan Kosen ដែលរស់នៅក្នុងប្រទេសតួកគី។ បុរសនោះ មានកំពស់២ម៉ែត្រ៨ ឬស្មើនឹង៨ហ្វីត ប៉ុន្តែពេលនេះត្រូវបានកំពស់របស់ Sulemana Abdul Samed ដណ្តើមយកវិញទៅហើយ ក្នុងកំពស់២,៨៩ ម៉ែត្រឬ៩ហ្វីត៦អ៊ីញ។
បច្ចុប្បន្នបុរសរូបនេះ បានរស់នៅជាមួយបងប្រុសទាំងអស់របស់ខ្លួននិងបានប្រកបមុខរបរ ចិញ្ចឹមជីវិតដោយការបើកអាជីវកម្មតូចតាចលក់ទូរសព្ទដៃ។ Sulemana Abdul Samed បានថ្លែងថា មុនដែលលោកមិនទាន់បានដកកម្ពស់នោះ លោកគឺជាអ្នកចូលចិត្តលេងកីឡាបាល់ទាត់ ប៉ុន្តែពេលនេះលោកមិនអាចរត់ទៀតបានឡើយ និងសូម្បីតែដើរទៅកន្លែងណាដែលមានចម្ងាយជិត។ ទោះជាយ៉ាងណាក៏ដោយ ភាពខ្ពស់ជាងគេលើពិភពលោក បានធ្វើឱ្យរូបលោកត្រូវបានល្បីល្បាញនិងមានគេចង់ស្គាល់គ្រប់ៗគ្នា៕