(សៅប៉ូឡូ)៖ ប្រធានាធិបតីថ្មីរបស់ប្រទេសប្រេស៊ីល លោក លូអ៉ីស អ៉ីណាស៉ីយ៉ូ លូឡា ដាសីលវ៉ា (Luiz Inacio Lula da Silva) បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា លោកបានទទួលសំបុត្រពីមេដឹកនាំចិន លោក ស៉ី ជិនពីង (Xi Jinping) ដែលបង្ហាញពីបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣។

តាមរយៈបណ្តាញសង្គម Twitter លោក លូឡា បានសរសេរថា «ខ្ញុំបានទទួលលិខិតរបស់ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ដែលបង្ហាញពីការសរសើរ និងឆន្ទៈក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រេស៉ីលនិងចិន ពីអនុប្រធានាធិបតីចិន វ៉ាង ឈីសាន (Wang Qishan)។ លោក លូឡា បានបន្ថែមថា «ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់យើង ហើយយើងអាចពង្រីកទំនាក់ទំនង រវាងប្រទេសរបស់យើងបន្ថែមទៀត»។

គួរបញ្ជាក់ថា ការវិនិយោគរបស់ចិនក្នុងប្រទេសប្រេស៊ីល នាពេលថ្មីៗនេះបានកើនឡើងគួរឲ្យកត់សម្គាល់ ដោយនៅឆ្នាំ២០២១ មានចំនួន ៥.៩ពាន់លានដុល្លារ ក្រោយធ្លាក់ចុះអំឡុងពេលជំងឺរាតត្បាតចាប់តាំងពីឆ្នាំ២០១៩។ លោក លូឡា ដាសីលវ៉ា ដែល​ធ្លាប់ធ្វើជាប្រធានាធិបតីប្រេស៉ីលចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១១ផងដែរនោះ បានឡើងមកដឹកនាំប្រទេសអាមេរិកខាងត្បូងនេះ សាជាថ្មីម្តងទៀត កាលពីថ្ងៃទី១ ខែមករា បន្តពីអតីតប្រធានាធិបតី លោក ហ្សាអៀរ បុលសូណារ៉ូ៕