(សេអ៊ូល)៖ មជ្ឈមណ្ឌលស្រាវជ្រាវផ្នែកអវកាសរបស់កូរ៉េខាងត្បូង បានឱ្យដឹងថានាថ្ងៃអង្គារនេះថា យានអវកាសប្រភេទផ្កាយរណប ឈ្មោះថា ដានូរី (Danuri) ទើបតែបញ្ចូនត្រឡប់មកវិញ នូវរូបភាពនៃភពផែនដីរួមជាមួយផ្នែកខ្លះនៃព្រះចន្ទ ដែលវាថតបាន បន្ទាប់ពីទៅដល់គន្លងក្បែរឋានព្រះចន្ទ កាលពីចុងឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣។
វិទ្យាស្ថានស្រាវជ្រាវអវកាសកូរ៉េ KARI បាននិយាយថា រូបភាពដំបូងគេត្រូវបានថត កាលពីថ្ងៃទី២៤ ខែធ្នូ នៅរយៈកម្ពស់ប្រមាណ ៣៤៥គីឡូម៉ែត្រពីលើផ្ទៃព្រះចន្ទ ខណៈរូបភាពទី២ ត្រូវបានថតនៅ៤ថ្ងៃក្រោយមក។ បន្ថែមពីនេះ វិទ្យាស្ថាន KARI ក៏បានបញ្ចេញរូបភាពផែនដីប៉ុន្មានសន្លឹកទៀត ដែលយាន Danuri ថតយកបាននៅថ្ងៃចុងក្រោយនៃឆ្នាំ២០២២ ក៏ដូចជានៅថ្ងៃដំបូងនៃឆ្នាំ២០២៣ ផងដែរ។
គួរបញ្ជាក់ថា ក្រោយធ្វើដំណើររយៈពេលសរុបចំនួន ១៤៥ថ្ងៃចេញពីផែនដី ឥឡូវនេះយានអវកាស Danuri កំពុងនៅក្រឡឹងជុំវិញឋានព្រះចន្ទ ក្នុងល្បឿន១.៦២គីឡូម៉ែត្រក្នុង១វិនាទី។ Danuri នឹងចាប់ផ្តើមបំពេញបេសកកម្មសិក្សាអំពីព្រះចន្ទជាផ្លូវការ នៅខែកុម្ភៈខាងមុខ ហើយវាក៏នឹងស្វែងរកទីតាំងអំណោយផលដល់ការចុះចត សម្រាប់បេសកកម្មឋានព្រះចន្ទ នាពេលអនាគតរបស់កូរ៉េខាងត្បូងថែមទៀតផង៕