(ប៉េកាំង)៖ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ «កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» (ហៅកាត់ RCEP) បានចូលជាធរមានគម្រប់ខួបមួយឆ្នាំ។ ចាប់តាំងពីបានអនុវត្តRCEPមក បាននាំមកនូវឱកាសពាណិជ្ជកម្ម ដល់សហគ្រាសដ៏ច្រើនរាប់មិនអស់។
RCEP គឺត្រូវបានផ្តួចផ្តើមឡើងដោយអាស៊ាន ដែលមានរដ្ឋសមាជិកបូករួមទាំងប្រទេសអាស៊ានចំនួន១០ និងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលគ្របដណ្តប់ចំនួនប្រជាជនច្រើនបំផុត និងមានទំហំសេដ្ឋកិច្ចពាណិជ្ជកម្មធំបំផុត។ ចាប់តាំងពីបានអនុវត្ត១ឆ្នាំមក បានចូលជាធរមាននៅរដ្ឋសមាជិកចំនួន១៣ ក្នុងចំណោមប្រទេសហត្ថលេខីទាំង១៥ជាបន្តបន្ទាប់។
នាពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខ នឹងការសាល្បងមួយចំនួនដូចជាភាពផ្ទុយពីការធ្វើសកលភាវូបនីយកម្ម និងការពិបាកងើបឡើងវិញជាដើម។ RCEP ត្រូវបានចាត់ទុកថាជា «ពន្លឺចែងចាំងថ្មីនៅក្នុងអ័ព្ទ» ដែលបានរួមចំណែកកម្លាំងអាស៊ីប៉ាស៊ីហ្វិក ដល់សេដ្ឋកិច្ចពិភពលោក។ ការចូលជាសមាជិកRCEPរបស់ប្រទេសចិន បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការជំរុញការបើកចំហចំពោះ ក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់ ហើយក៏ជាព្រឹត្តិការណ៍ប្រកបដោយអត្ថន័យជានិមិត្តសញ្ញាមួយទៀត ក្នុងការបើកចំហចំពោះក្រៅប្រទេសរបស់ ប្រទេសចិនផងដែរ។
បើនិយាយចំពោះ RCEP ការចូលជាសមាជិករបស់ប្រទេសចិនមានសារសំខាន់ណាស់។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុត និងជាអង្គភាពសេដ្ឋកិច្ចធំទី២លើពិភពលោក ប្រទេសចិនមានទំហំសេដ្ឋកិច្ចសរុបជិត៦០ភាគរយក្នុង RCEP។ ប្រទេសចិនបានផ្តល់ឱកាសថ្មីដល់ពិភពលោកជាបន្ត បន្ទាប់តាមរយៈការអភិវឌ្ឍថ្មីរបស់ខ្លួន ហើយបន្តបំពេញបន្ថែមកម្លាំងជីវិតយ៉ាងខ្លាំងក្លា ទៅក្នុងសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោកឥតឈប់ឈរ។
វិធានការធ្វើកិច្ចសម្រួលពាណិជ្ជកម្មដែល RCEP បាននាំមកដល់គយនិងការយកពន្ធជាដើម បានត្រួសត្រាយចន្លោះអភិវឌ្ឍន៍ថ្មី សម្រាប់ទម្រង់អាជីវកម្មថ្មី និងរូបមន្តថ្មី ដូចជាធុរកិច្ចអេឡិចត្រូនិកឆ្លងដែនជាដើម។ នាពេលបច្ចុប្បន្ននេះ RCEP បានក្លាយជាតំបន់ទីផ្សារ ដែលមានភាពរស់រវើកបំផុត និងមានអត្រាកំណើនខ្ពស់បំផុត ក្នុងការអភិវឌ្ឍធុរកិច្ចអេឡិចត្រូនិក ឆ្លងដែននៅលើពិភពលោកហើយ។ ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២២ ប្រទេសចិននិងអាស៊ានបានបន្តក្លាយជា ដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់គ្នាទៅវិញទៅមក ហើយក្នុងនោះ ធុរកិច្ចអេឡិចត្រូនិកឆ្លងដែនបានមានភាពលេចធ្លោបំផុត។
នៅឆ្នាំ២០២២ ប្រទេសចិននិងដៃគូពាណិជ្ជកម្មសេរីក្នុងតំបន់ «បានជំរុញការធ្វើពាណិជ្ជកម្មទៅវិញទៅមក» ការដឹកជញ្ជូនទំនិញមានភាពរលូន។ ការធ្វើពាណិជ្ជកម្មទំនិញជាង៩០ភាគរយ នឹងសម្រេចបាននូវពន្ធសូន្យជាបណ្តើរៗ ដោយកាត់បន្ថយរបាំងពាណិជ្ជកម្មយ៉ាងច្រើន និងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។
នៅឆ្នាំ២០២២ សហគ្រាសនៃបណ្តាប្រទេសក្នុងតំបន់ «បានផ្តល់ដល់ប្រយោជន៍ដល់គ្នាទៅវិញទៅមក» ដើម្បីចែករំលែកផលប្រយោជន៍ ដែលនាំមកដោយគោលនយោបាយអនុគ្រោះ ដែលមានចែងក្នុងកិច្ចព្រមព្រៀង។ បើនិយាយចំពោះប្រទេសអាស៊ាន ផលប្រយោជន៍ដ៏សំខាន់មួយដែលនាំមកដោយ RCEP គឺការកាត់បន្ថយថ្លៃដើមនៃការនាំចូល និងការកើនឡើងនៃឱកាសនាំចេញ ដែលបណ្តាលមកពីការកាត់បន្ថយព្ធនគយ។
បន្ទាប់ពី RCEP ចូលជាធរមាន អនុបាតពន្ធសូន្យភ្លាមៗរវាងប្រទេសចិន និងអាស៊ានបានលើសពី៦៥ភាគរយ ដែលជំរុញយ៉ាងខ្លាំងដល់ពាណិជ្ជកម្មនាំចូល និងនាំចេញរបស់អាស៊ាន។ ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២២ ទំហំនាំចេញនាំចូលរបស់ប្រទេសចិនចំពោះអាស៊ាន បានឡើងដល់៧សែន៩ម៉ឺន៨ពាន់៤រយលានដុល្លារអាមេរិក ដែលបានកើនឡើង១៣.៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។
ចាប់តាំងពីបានអនុវត្តកិច្ចព្រមព្រៀងនេះរយៈពេល១ឆ្នាំមក បានទទួលលទ្ធផលជាផ្លែផ្កា គួរឱ្យកត់សម្គាល់។ ទន្ទឹមនឹងការអនុវត្ត RCEP ប្រកបដោយគុណភាពខ្ពស់ថែមមួយកម្រិតទៀត រដ្ឋសមាជិកទាំងអស់បន្តសរសេរជំពូកថ្មី នៃការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ ហើយបន្តបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លា ដល់សេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក៕
វិទ្យុមិត្តភាពកម្ពុជាចិន