(ប៊ែរឡាំង)៖ ចំពេលការប្រារព្ធពិធីចូលឆ្នាំថ្មីដ៏ច្របូកច្របល់ សុន្ទរកថាវីដេអូមួយដែលបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ត្រូវបានរងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់មហាជន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣។
នៅក្រោមស្នូរកាំជ្រួចដ៏កងរំពង លោកស្រី Christian Lambrecht បានឆ្លុះបញ្ចាំងពីស្ថានការណ៍ឆ្នាំដែលបានបញ្ចប់ទៅ ខណៈសង្រ្គាមកំពុងឆាបឆេះនៅកណ្តាលអឺរ៉ុប ដោយបានលើកឡើងថា ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែនបាននាំមកនូវ «បទពិសោធន៍ពិសេសជាច្រើន» និងឱកាសដើម្បី «ជួបមនុស្សអស្ចារ្យនិងគួរឱ្យចាប់អារម្មណ៍ជាច្រើន»។
កាសែត Daily Mirror បានសរសេរថា សុន្ទរកថាឆ្នាំថ្មីរបស់ លោកស្រី Lambrecht បានបរាជ័យក្នុងការស្វែងរកសម្លេងគាំទ្រ និងធ្វើឱ្យសង្រ្គាមស្តាប់ទៅដូចជា «បទពិសោធន៍វិជ្ជាជីវៈដ៏គួរឱ្យរំភើប»។
ប្រភពដដែលនេះបាននិយាយថា សារដែលមានរយៈពេលមួយនាទី ដែលត្រូវបានថតដោយទូរសព្ទដៃនេះ បានធ្វើឱ្យអាម៉ាស់មុខអាល្លឺម៉ង់។
គួរបញ្ជាក់ថា លោកស្រី Lambrecht ដែលជាសមាជិកនៃគណបក្សសង្គមប្រជាធិបតេយ្យរបស់អធិការបតី លោក Olaf Schulz ពីមុនមកក៏ត្រូវបានគេរិះគន់យ៉ាងខ្លាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ចំពោះការឆ្លើយតបរបស់លោកស្រី ចំពោះការលុកលុយរបស់រុស្ស៊ី និងការគាំទ្រយឺតយ៉ាវរបស់អាល្លឺម៉ង់ចំពោះអ៊ុយក្រែនផងដែរ៕