(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យកន្លងទៅ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) បានឱ្យដឹងថា លោកបានជជែកគ្នាតាមប្រព័ន្ធទូរស័ព្ទជាមួយ រដ្ឋមន្រ្តីការបរទេសថ្មីរបស់ចិនគឺ លោក ឈិន ហ្កាង (Qin Gang) ដែលទើបត្រូវបានតែងតាំង កាលពីសប្តាហ៍មុន ក្រោយការកាន់តួនាទីជា ឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣។
លោក ប្លីងខិន បានប្រាប់ពីដំណឹងខាងលើតាមបណ្តាញ Twitter ដោយលោកបាននិយាយថា រូបលោកបានពិភាក្សាអំពីទំនាក់ទំនងអាមេរិក-ចិន ព្រមទាំងអំពីកិច្ចប្រឹងប្រែងរក្សាការបើកចំហនៃច្រកទាក់ទងគ្នា ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ លោក ឈិន។ ដោយឡែកបើតាមសេចក្តីប្រកាស របស់ក្រសួងការបរទេសចិននាថ្ងៃចន្ទនេះ គឺកំលុងកិច្ចសន្ទនានោះ លោក ឈិន បាននិយាយលាលោក ប្លីងខិន ក្នុងនាមជាឯកអគ្គរដ្ឋទូតចិន ហើយលោកបានបន្ថែមថា រូបលោកទន្ទឹងរង់ចាំធ្វើការដើម្បីរក្សាចំណងទាក់ទងការងារជិតស្និទ្ធជាមួយ លោក ប្លីងខិន ក៏ដូចជាលើកកម្ពស់ទំនាក់ទំនងចិន-អាមេរិក។
គួរបញ្ជាក់ថា លោក ឈិន វ័យ៥៦ឆ្នាំ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេសចិនថ្មី ជំនួសលោក វ៉ាង យី (Wang Yi) វ័យ៦៩ឆ្នាំ កាលពីថ្ងៃសុក្រសប្តាហ៍មុន។ លោក ឈិន បានឡើងកាន់តួនាទីជា ឯកអគ្គរដ្ឋទូតចិនប្រចាំអាមេរិក កាលពីខែកក្កដា ឆ្នាំ២០២១។ រីឯលោក វ៉ាង ដែលបានកាន់តួនាទីជា រដ្ឋមន្រ្តីការបរទេសចិន អស់រយៈពេល១ទសវត្សរ៍កន្លងមកនេះ គឺត្រូវបានដំឡើងតំណែងចូលជាសមាជិកនៃការិយាល័យនយោបាយដ៏មានឥទ្ធិពល របស់បក្សកុម្មុយនិស្តចិន កាលពីខែតុលា ឆ្នាំ២០២២ ហើយត្រូវគេរំពឹងថានឹងដើរតួនាទីកាន់តែធំជាងមុន នៅក្នុងគោលនយោបាយការបរទេសរបស់ប្រទេសចិន៕