(មូស្គូ)៖ កាលពីយប់ថ្ងៃសៅរ៍ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានយកការថ្លែងសារប្រចាំឆ្នាំរបស់លោក នាឱកាសចូលឆ្នាំសកល និយាយផ្តោតជាចម្បងជុំវិញសង្រ្គាមនៅអ៊ុយក្រែន ហើយលោកប្តេជ្ញាថានឹងសម្រេចឱ្យបានជ័យជម្នះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០២៣។
ក្នុងសារជាវីដេអូដែលត្រូវបានថតទុក និងចេញផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិរុស្ស៉ី លោក ពូទីន បាននិយាយថា សង្រ្គាមអ៊ុយក្រែន ដែលលោកហៅថាជា «ប្រតិបត្តិការយោធាពិសេស» គឺជាការប្រយុទ្ធតស៊ូដើម្បីអនាគតរបស់ប្រទេសរុស្ស៉ី។ លោកបន្តទៀតថា កងទ័ពរុស្ស៉ីកំពុងតែប្រយុទ្ធដើម្បីមាតុភូមិ ការពិត និងយុត្តិធម៌ ក្រោមគោលដៅធានាឱ្យបានសន្តិសុខរបស់រុស្ស៉ី។ លោក ពូទីន បានសង្កត់ធ្ងន់ថា ពេលខាងមុខនឹងតម្រូវឱ្យមានការជ្រោមជ្រែង និងការលះបង់ពីសំណាក់ប្រជាជនរាល់គ្នា។
ទន្ទឹមគ្នានោះ លោកប្រធានាធិបតីរុស្ស៉ីបានច្រានចោល ការអំពាវនាវរបស់ទីក្រុងកៀវ ដែលចង់ឱ្យកងទ័ពរុស្ស៉ីត្រូវដកចេញជាមុន សម្រាប់លក្ខខណ្ឌនៃកិច្ចចរចា ដោយលោកបានលើកឡើងថា រុស្ស៉ីកំពុងការពារប្រជាជននិងទឹកដីប្រវត្តិសាស្រ្តរបស់ខ្លួន។ មិនតែប៉ុណ្ណោះ លោក ពូទីន ក៏ចោទក្រុមលោកខាងលិចផងដែរថា បានបោកប្រាស់រុស្ស៉ី ហើយបង្ខំឱ្យទីក្រុងមូស្គូ ត្រូវបើកការឈ្លានពានលើអ៊ុយក្រែន។
ជាចុងក្រោយ ទោះបីជាច្រើនខែមកហើយ កងទ័ពរុស្ស៉ីមិនសម្រេចបានវឌ្ឍនភាពសំខាន់អ្វី លើសមរភូមិនៅអ៊ុយក្រែនក៏ដោយ លោក វ៉្លាឌីមៀ ពូទីន បានសន្យារុស្ស៉ីនឹងទទួលបានជ័យជម្នះនៅទីបញ្ចប់។ មកទល់ដើមឆ្នាំ២០២៣នេះ សង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែន បានអូសបន្លាយដល់ខែទី១១ហើយ ក្រោយផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕