(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា នៅថ្ងៃអាទិត្យនេះ ដែលជាថ្ងៃចូលឆ្នាំថ្មី ឆ្នាំសកល២០២៣ កូរ៉េខាងជើងបានបាញ់សាកល្បង មីស៉ីលបាលិស្ទីគរយៈចម្ងាយខ្លី ឬ SRBM ចំនួន១គ្រាប់ ធ្លាក់ចូលក្នុងសមុទ្រខាងកើត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០២៣។

យោធាកូរ៉េខាងត្បូងបានប្រាប់ថា ខ្លួនប្រទះឃើញសញ្ញានៃការធ្វើតេស្តមីស៉ីលខាងលើ ចេញពីតំបន់រីយ៉ុងសុង (Ryongsong) ក្នុងទីក្រុងព្យុងយ៉ាង កាលពីវេលាម៉ោង២៖៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យនេះ ហើយមីស៉ីលនោះហោះបានចម្ងាយប្រហែល ៤០០គីឡូម៉ែត្រ មុនពេលវា​ធ្លាក់ចូលក្នុងផ្ទៃសមុទ្រ។

ក្រុមអ្នកសង្កេតស្ថានការណ៍កូរ៉េខាងជើង បានលើកឡើងថា វាទំនងជាសកម្មភាពឆ្លើយតបមួយទៀត ចំពោះការធ្វើតេស្តរបស់កូរ៉េខាងត្បូង កាលពីថ្ងៃសុក្រ ក្នុងការបាញ់សាកល្បងគ្រាប់រ៉ុក្កែតអវកាស ដែលប្រើប្រាស់ឥន្ធនៈរឹង និងផលិតនៅក្នុងស្រុកផ្ទាល់។ កាលពីថ្ងៃព្រឹកសៅរ៍ កូរ៉េខាងជើងក៏បានបាញ់សាកល្បងមីស៉ីលបាលិស្ទីគ SRBM ចំនួន៣គ្រាប់ ចេញពីស្រុកជុងវ៉ា (Chunghwa) ភាគខាងត្បូងទីក្រុងព្យុងយ៉ាង ទៅធ្លាក់ចូលក្នុងសមុទ្រខាងកើតផងដែរ។

គួរបញ្ជាក់ថា កាលពីក្នុងឆ្នាំ២០២២តែឯងប៉ុណ្ណោះ កូរ៉េខាងជើងបានបាញ់តេស្តមីស៉ីលបាលិស្ទីគសរុប៧០គ្រាប់ ដែលជាចំនួនច្រើនមិនធ្លាប់​មានពីមុនមកឡើយ​ ហើយក្នុងចំណោមនោះ រួមមានទាំងមីស៉ីលបាលិស្ទីគអន្តរទ្វីប ឬ ICBM ដ៏មានអានុភាពបំផុតរបស់ខ្លួនថែមទៀតផង៕