(បុរីវ៉ាទីកង់)៖ អតីតសម្ដេចសង្ឃកាតូលិកប៉ាប បេណេឌីគ (Benedict) បានសុគតហើយនៅថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ នៅឯព្រះវិហារ ម៉ាធឺ អេសក្លេសៀ (Mater Ecclesiae) ក្នុងព្រះជន្ម ៩៥ព្រះវស្សា។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់បុរីវ៉ាទីកង់។

អ្នកនាំពាក្យម្នាក់នៃបុរីវ៉ាទីកង់ បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា «វាពិតជាក្រៀមក្រំខ្លាំងណាស់ ដែលខ្ញុំត្រូវជូនដំណឹងដល់អ្នកទាំងអស់គ្នាថាអតីតសម្ដេចសង្ឃ Benedict XVI បានសុគតហើយ នៅវេលាម៉ោង ៩៖៣៤នាទីព្រឹក នៅថ្ងៃសៅរ៍នេះ នៅឯវិហារម៉ាធឺ អេសក្លេសៀ (Mater Ecclesiae) ក្នុងបុរីវ៉ាទីកង់»។ អ្នកនាំពាក្យរូបនេះបន្ថែមទៀតថាព័ត៌មានលម្អិត បន្ថែមនឹងត្រូវជូនដំណឹងនៅក្នុងពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន។

អតីតសម្ដេចសង្ឃកាតូលិកប៉ាប បេណេឌីគ (Benedict) ដែលជាជនជាតិអាល្លឺម៉ង់ គឺជាសម្ដេចសង្ឃកាតូលិកដំបូងគេបំផុតនៅក្នុងមជ្ឈិមសម័យ ដែលបានលាលែងចេញពីតំណែងជាមេដឹកនាំ សាសនាគ្រឹស្ដនិកាយកាតូលិក កាលពីឆ្នាំ២០១៣៕