(យូអិន)៖ មហាសន្និបាតអង្គការសហប្រជាតិ បានបោះឆ្នោតអនុម័តលើដំណោះស្រាយមួយដែលអំពាវនាវឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផ្ដល់មតិយោបល់ស្ដីពីផលប៉ះពាល់ផ្នែកច្បាប់ ដែលបង្កឡើងដោយការគ្រប់គ្រងដោយខុសច្បាប់របស់អ៉ីស្រាអែល លើទឹកដីប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២២។
នៅក្នុងការបោះឆ្នោតមួយ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តដំណោះស្រាយខាងលើក្នុងសំឡេងគាំទ្រ៨៧ ទល់នឹង ២៦សំឡេងជំទាស់ ខណៈ៥៣ប្រទេសផ្សេងទៀតបោះឆ្នោតអនុបវាទ។ ការបោះឆ្នោតនេះក៏បានបង្ហាញផងដែរពីការខ្វែងគំនិតគ្នាក្នុងចំណោមបណ្ដាប្រទេសលោកខាងលិច និងការគាំទ្រ ភាគច្រើននៅក្នុងចំណោមប្រទេសកាន់សាសនាអ៉ីស្លាម ក្នុងនោះរួមមានទាំងប្រទេសអារ៉ាប់ដែលបានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៉ីស្រាអែល។
រុស្ស៉ី និងចិន បានបោះឆ្នោតគាំទ្រដំណោះស្រាយខាងលើ រីឯអ៉ីស្រាអែល សហរដ្ឋអាមេរិក និងបណ្ដាប្រទេស២៤ទៀត មានទាំងចក្រភពអង់គ្លេស និងអាល្លឺម៉ង់បោះឆ្នោតជំទាស់ ស្របពេល បារាំងស្ថិតនៅក្នុងចំណោមប្រទេសទាំង៥៣ ដែលបានបោះឆ្នោតអនុបវាទ។ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) មានមូលដ្ឋាននៅទីក្រុងឡាអេ គឺជាតុលាការអន្តរជាតិមួយរបស់ អង្គការសហប្រជាជាតិមានភារកិច្ចដោះស្រាយជម្លោះរវាងរដ្ឋ និងរដ្ឋ ហើយរាល់សម្រេចក្ដីណាមួយរបស់ ICJ គឺមានលក្ខខណៈចាប់បង្ខំឱ្យអនុវត្ត បើទោះជាតុលាការនេះមិនមានសិទ្ធិអំណាច ចាប់បង្ខំឱ្យអនុវត្តក៏ដោយ។
ប៉ាឡេស្ទីន នៅថ្ងៃសៅរ៍នេះបានបង្ហាញការសាទរចំពោះការអនុម័តដំណោះស្រាយនេះដែរ ដោយចាត់ទុកថាជាការឆ្លុះបញ្ចាំងពីជ័យជម្នះមួយនៃការទូតរបស់ប៉ាឡេស្ទីន៕