(មូស្គូ)៖ រដ្ឋាភិបាលរុស្ស៉ី បានប្រកាសថាកងទ័ព និងបុគ្គលិករដ្ឋដែលត្រូវបានដាក់ពង្រាយទៅប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន នឹងទទួលបានការលើកលែង «ការហូតពន្ធលើប្រាក់ចំណូល» ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងមូស្គូ ដើម្បីលើកទឹកចិត្ត និងផ្ដល់ការគាំទ្រដល់ប្រតិបត្តិការយោធាប្រឆាំងនឹងទីក្រុងកៀវ ដែលបានបរាជ័យជាច្រើនលើកកន្លងមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២២។

ដោយផ្អែកលើក្រឹត្យមួយចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានឱ្យដឹងថាកងទ័ព ប៉ូលិស សេវាសន្តិសុខ និងបុគ្គលិករដ្ឋដែលកំពុងបំពេញការងារនៅក្នុងតំបន់ចំនួន៤ ដែលលោក ពូទីន បានកាត់បញ្ចូលជាផ្នែកមួយនៃទឹកដីរុស្ស៉ី ដូចជា តំបន់ដូណេត (Donetsk), លូហាន (Luhansk), ខឺសុន (Kherson) និងហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhia) មិនចំាបាច់ផ្ដល់ព័ត៌មាន ឬក៏ប្រកាសពីប្រាក់ចំណូល ការចំណាយ និងទ្រព្យសម្បត្តិរបស់ពួកគេឡើយ បើទោះជារុស្ស៉ីមិនទាន់អាច តំបន់ទាំង៤នេះបានទាំងស្រុងនៅឡើយក៏ដោយ។

ក្រឹត្យខាងលើដដែល បានបញ្ជាក់ទៀតថាកងទ័ពរុស្ស៉ីដែលកំពុងប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន ក៏មានសិទ្ធិទទួលបានអំណោយ និងរង្វាន់លើកទឹកចិត្តផងដែរ ប្រសិនបើពួកគេ ប្រកាន់ភ្ជាប់នូវអត្តចរិតមនុស្សធម៌ ឬក៏ទទួលបានរង្វាន់ទាំងនេះនៅក្រោមក្របខណ្ឌនូវអ្វីដែលវិមានក្រឹមឡាំងហៅជាប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ដែលលោកខាងលិច និងទីក្រុងកៀវចាត់ទុកថាជាសង្រ្គាមឈ្លានពាន។

គួរបញ្ជាក់ថា សារព័ត៌មាន Moscow Times បានរាយការណ៍ថាលោកប្រធានាធិបតី ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយលុបចោលការតម្រូវឱ្យ មន្ត្រីរដ្ឋាភិបាលបង្ហាញព័ត៌មានពីប្រាក់ចំណូល អំឡុងសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន សំដៅទប់ស្កាត់អំពើពុករលួយ៕