(ការ៉ាកាស)៖ សភាជាតិដឹកនាំដោយគណបក្សប្រឆាំងវ៉េណេស៊ុយអេឡា នៅថ្ងៃសុក្រសប្ដាហ៍នេះបានបោះឆ្នោតដកតំណែងប្រធានាធិបតីស្ដីទី លោក ហ័ន ហ្កៃដូ (Juan Guaido) និងរំលាយរដ្ឋាភិបាលរបស់លោក ហើយបានបង្កើតគណៈកម្មការមួយដើម្បីគ្រប់គ្រងទ្រព្យសម្បតិ្តរបស់វ៉េណេស៊ុយអេឡា នៅឯក្រៅប្រទេស ខណៈសមាជិកសភាបក្សប្រឆាំង កំពុងព្យាយាមស្វែងរកការរួបរួមគ្នាមួយ នៅមុនការបោះឆ្នោតសកលឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២២។

គណបក្សចំនួន៣ ក្នុងចំណោមគណបក្សប្រឆាំងធំៗទាំង៤ នៅក្នុងប្រទេសវ៉េណស៊ុយអេឡា រួមមានគណបក្ស Justice First, Democratic Action និងគណបក្ស A New Era បានបោះឆ្នោតគាំទ្រលើដំណោះស្រាយដកតំណែងលោក ហ្កៃដូ និងបង្កើតគណៈកម្មការមួយមានសមាជិក៥រូប ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិជាតិនៅឯបរទេស ជាពិសេសក្រុមហ៊ុនប្រេង Citgo មានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនប្រេងរដ្ឋ PDVSA។ ក្រុមអ្នកគាំទ្រដំណោះស្រាយនេះ បាននិយាយថាការគ្រប់គ្រងរបស់គណបក្សប្រឆាំងលើ ទ្រព្យសម្បត្តិជាតិនៅឯបរទេសកំពុងស្ថិតនៅក្រោមហានិភ័យ ហើយការរំលាយរដ្ឋភិបាលរបស់លោក ហ្កៃដូ គឺជារឿងចាំបាច់សម្រាប់ការស្វែងរកការរួបរួមមួយនៅមុនការបោះឆ្នោត។ តែ ព្រមពេលជាមួយគ្នា មិនទាន់មានការប្រកាសតែងតាំងអ្នកជំនួសលោក ហ្កៃដូ នៅឡើយទេ។

គួរបញ្ជាក់ថា មេដឹកនាំគណបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោក ហ័ន ហ្កៃដូ បានតែងតាំងខ្លួនឯងជាប្រធានាធិបតីស្ដីទីរបស់វ៉េណេស៊ុយអេឡា កាលពីឆ្នាំ២០១៩ ដោយមានការគំាទ្រពី សហរដ្ឋអាមេរិក និងបណ្ដារដ្ឋាភិបាលលោកខាងលិចដែលបានបដិសេធទទួលស្គាល់លទ្ធផលបោះឆ្នោត និងជ័យជម្នះរបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ កាលពីឆ្នាំ២០១៨ ដោយចាត់ទុកថា ជាការលួចបន្លំ។ ប៉ុន្តែ លោក ម៉ាឌូរ៉ូ នៅតែអាចបន្តកាន់អំណាច និងគ្រប់គ្រងស្ថានប័នជាតិស្ទើរតែទាំងស្រុង ក្នុងនោះរួមមានទាំងយោធា កងកម្លាំងប្រដាប់អាវុធ ខណៈរដ្ឋាភិបាលរបស់ លោក ហ្កៃដូ ដែលកំពុងគ្រប់គ្រងទ្រព្យសម្បត្តិជាតិ និងស្ថានទូតមួយចំនួននៅឯបរទេស កំពុងធ្លាក់ចុះការគាំទ្រគួរឱ្យកត់សម្គាល់៕