(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានប្រាប់សមភាគីរុស្ស៉ីរបស់លោក គឺលោក វ្ល៉ាឌីមៀ ពូទីន ថាផ្លូវឆ្ពោះទៅរកកិច្ចចរចាសន្តិភាពស្ដីពីអ៊ុយក្រែនមិនមែនជារឿងងាយស្រួល នោះទេ ហើយថាចិននឹងបន្តរក្សាគោលជំហរប្រកបដោយតម្លាភាព។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២២។

ការសម្គាល់បែបនេះរបស់លោក ស៉ី ជិនពីង ធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោក ពូទីន នៅថ្ងៃសុក្រសប្ដាហ៍នេះ និងត្រូវបានដកស្រង់ចេញផ្សាយបន្តដោយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV។ បើតាម CCTV លោក ស៊ី ជិនពីង បានសង្កត់ធ្ងន់ថាទីក្រុងប៉េកាំង និងទីក្រុងមូស្គូ គួរតែធ្វើការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើ កិច្ចការអន្តរជាតិ ហើយក៏បានលើកឡើងផងដែរពីឆន្ទៈរបស់រុស្ស៉ីដើម្បីចូលរួមក្នុងកិច្ចចរចាស្ដីពីសង្រ្គាមនៅអ៊ុយក្រែន។ «ភាគីចិនបានកត់សម្គាល់ឃើញថាភាគីរុស្ស៉ីបាននិយាយថា ខ្លួនមិនដែលបដិសេធចំពោះការដោះស្រាយជម្លោះតាមរយៈកិច្ចចរចាការទូតនោះទេ ហើយក៏បានបង្ហាញការពេញចិត្តលើមធ្យោបាយការទូតផងដែរ»។ នេះជាសម្ដីរបស់លោក ស៉ី ជិនពីង ដែលត្រូវបានដកស្រង់ដោយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV។

គួរបញ្ជាក់ថា នៅក្នុងកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូនោះដែរ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា រូបលោករំពឹងថាប្រធានាធិបតីចិន លោក ស៉ី ជិនពីង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសរុស្ស៉ី នៅកំលុងរដូវផ្ការីកឆ្នាំក្រោយ គឺចន្លោះខែមីនា-មិថុនា ក្នុងសកម្មភាពមួយ ដែលនឹងក្លាយជាការបង្ហាញចេញ នូវជំហរសាមគ្គីភាពពីសំណាក់ ទីក្រុងប៉េកាំងដល់ទីក្រុងមូស្គូ ចំពោះមុខសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន៕