(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើងនៅថ្ងៃសៅរ៍នេះ បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគ ៣គ្រាប់ ធ្លាក់ចូលសមុទ្រខាងកើតនៃតំបន់ឧបទ្វីបកូរ៉េ បន្ទាប់ពីលោក គីម ជុងអ៊ុន បានដាក់ចេញផែនការយុទ្ធសាស្ត្រ និងគោលនយោបាយថ្មីសម្រាប់ឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២២។

បើតាមនាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង មីស៊ីលបាលិស្ទីគទាំង៣គ្រាប់ខាងលើត្រូវបានបាញ់នៅម៉ោងប្រហែល ៨ព្រឹក (ម៉ោងនៅសេអ៊ូល) ចេញពីខេត្ត វ៉ាងហេ ខាងជើង (North Hwanghae) ស្ថិតនៅភាគខាងត្បូងរដ្ឋធានីព្យុងយ៉ាង។ ដោយឡែក ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo ដោយផ្អែកលើប្រភពពីក្រសួងការពារជាតិជប៉ុន ក៏បានរាយការណ៍ឱ្យដឹងដែរថា មីស៊ីលទាំង៣គ្រាប់នេះ ហោះក្នុងរយៈពេល១០០គីឡូម៉ែត្រ និងចម្ងាយ៣៥០គីឡូម៉ែត្រ។

គួរបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលនេះទៀតសោត កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសពីការធ្វើតេស្ដដោយជោគជ័យនូវ ប្រព័ន្ធគ្រាប់រ៉ុក្កែតដំណើរការដោយឥន្ធនៈរឹង និងតែប៉ុន្មានថ្ងៃបន្ទាប់ពីលោក គីម ជុងអ៊ុន បានដាក់ចេញផែនការយុទ្ធសាស្ត្រ និងគោលនយោបាយថ្មីសម្រាប់ឆ្នាំ២០២៣។ កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍កន្លងទៅ យន្ដហោះដ្រូនកូរ៉េខាងជើង ៥គ្រឿងបានហោះឆ្លងចូលទឹកដីកូរ៉េខាងជើង ដោយជំរុញឱ្យយោធាកូរ៉េខាងត្បូងចល័តយន្ដហោះចម្បាំង និងឧទ្ធម្ភាគចក្រប្រយុទ្ធ ដើម្បី បាញ់ទម្លាក់យន្ដហោះដ្រូនទាំងនេះ ហើយនេះគឺជាលើកដំបូងនៃការលុកលុយចូលដែនអាកាសកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ២០១៧មក៕