(វ៉ាស៊ីនតោន)៖ សង្រ្គាមនៅអ៊ុយក្រែន ភាពតានតឹងនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ព្រមទាំងភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ និងវិបត្តិសេដ្ឋកិច្ច សុទ្ធសឹងតែជាហានិភ័យ សកលធំៗនៅក្នុងឆ្នាំ២០២២ ហើយបញ្ហាទាំងនេះត្រូវបានគេរំពឹងថានឹងបន្តលងបន្លាចពិភពលោកនៅឆ្នាំ២០២៣តទៅទៀត។


ដូច្នេះខាងក្រោមនេះគឺការព្យាករពីហានិភ័យសកលធំៗ ទាំង១០ នៅឆ្នាំ២០២៣៖

១. ពហុវិបត្តិដែលដរចេញពីសង្រ្គាមនៅអ៊ុយក្រែន៖
ហ្គេមបញ្ចប់នៃសង្រ្គាមអ៊ុយក្រែន ឬក៏ថាតើសង្រ្គាមនេះនឹងបញ្ចប់ទៅដោយរបៀបណា និងនៅពេលណា នៅតែបន្តស្ថិតនៅជា អាថ៌កំបាំងនៅឡើយ។ ក៏ប៉ុន្តែ ពហុវិបត្តិដែលដរចេញពីសង្រ្គាមមួយនេះ ក្នុងនោះរួមមានវិបត្តិថាមពល អសន្តិសុខស្បៀងអាហារ អតិផរណា សេដ្ឋកិច្ចដើរថយក្រោយ អាចនឹងបង្កឱ្យ លោកខាងលិចហត់នឿយនឹងសង្រ្គាមនៅអ៊ុយក្រែនដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការគាំទ្រដល់ទីក្រុងកៀវ ខណៈសង្រ្គាមឈានចូលរដូវរងា លោក ពូទីន នឹងបង្កើនការវាយប្រហារ បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ថាមពល និងទឹក នៅទូទាំងប្រទេសអ៊ុយក្រែន។

ការដណ្ដើមបានមកវិញនូវទឹកដីច្រើនជាង ៥០ភាគរយនៅក្នុងតំបន់ខឺសុននៃភាគខាងត្បូង និងផ្នែកខ្លះតំបន់ដុនបាស់នៃភាគឦសានដែលកងទ័ពរុស្ស៉ីធ្លាប់បានគ្រប់គ្រងនៅដំណាក់កាល ដំបូងនៃសង្រ្គាម បាន និងកំពុងពង្រឹងឆន្ទៈប្រយុទ្ធរបស់អ៊ុយក្រែន។ ម្លោះហើយ វាដូចជាលឿនពេកដែលត្រូវនិយាយពីបទឈប់បាញ់ ឬសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្រ្គាម ពីព្រោះថា ភាគីទាំងសងខាងនៅតែយល់ថាអាចឈ្នះរៀងៗខ្លួន។ លោក ហ្សេលេនស្គី កាលពីខែវិច្ឆិកា ឆ្នាំ២០២២ បានប្រកាសពីផែនការសន្តិភាព ១០ចំណុច ក្នុងនោះរួមមានការដកកងទ័ពរុស្ស៉ី ចេញពីទឹកដីទាំងឡាយរបស់អ៊ុយក្រែន រួមទាំងតំបន់គ្រីមៀ ដែលមានន័យថារុស្ស៉ីត្រូវប្រគល់គ្រីមៀឱ្យអ៊ុយក្រែនវិញ ជួសជុលការខូចខាត និងតម្រូវឱ្យលោក ពូទីន ចុះចាញ់ទាំងស្រុង។ ក្រៅតែពីដាក់ចេញពីផែនការសន្តិភាព លោក ហ្សេលេនស្គី ក៏បានអំពាវនាវ​ដែរឱ្យសហរដ្ឋអាមេរិក និង NATO បញ្ជូនអាវុធទំនើបៗមកបន្ថែម ជាពិសេសប្រព័ន្ធខែលប្រឆាំង ប្រឆាំងមីស៊ីល។ តែព្រមពេលជាមួយគ្នា សមាជិកសភាអាមេរិកមួយចំនួនមានបំណងចង់កាត់បន្ថយការបញ្ជូនអាវុធឱ្យអ៊ុយក្រែន។ សង្រ្គាមនៅអ៊ុយក្រែនអាចនឹងផ្ទុះឡើងកាន់តែធំ ប្រសិនបើសហរដ្ឋអាមេរិក និង NATO បង្កើនការបញ្ជូនអាវុធទំនើបៗបន្ថែមឱ្យអ៊ុយក្រែន ដើម្បីទប់ទល់នឹងយុទ្ធសាស្ត្រទម្លាក់គ្រាប់បែករបស់លោក ពូទីន រីឯរុស្ស៉ីអាចនឹងប្រើអាវុធ នុយក្លេអ៊ែរតាក់ទិក បើទីក្រុងកៀវ ព្យាយាមដណ្ដើមតំបន់គ្រីមៀ ហើយប្រទេសក្នុងតំបន់អឺរ៉ុបដែលកំពុងជួបប្រទះអតិផរណា អាចនឹងកាន់តែហត់នឿយចំពោះសង្រ្គាម ខណៈអាមេរិក និងសហភាពអឺរ៉ុប អាចនឹងមានការខ្វែងគំនិតគ្នាពីបរិមាណ និងប្រភេទអាវុធដែលត្រូវបញ្ជូនឱ្យទីក្រុងកៀវ។

២. ការកើនឡើងអសន្តិសុខស្បៀងអាហារ៖
កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានព្រមានថា គ្រោះទុរភិក្ស និងកង្វះអាហាររូបត្ថម្ភអាចនឹងកើនឡើងនៅទូទាំងពិភពលោក ដោយ រាប់ចាប់ពីតំបន់អាមេរិកកណ្ដាល ប្រទេសហៃទី អាហ្វ្រិកខាងជើង តំបន់សាហែល (Sahel) ហ្កាណា សាធារណរដ្ឋអាហ្វ្រិកកណ្ដាល ស៊ូដង់ខាងត្បូង រហូតដល់តំបន់ស្នែងអាហ្រ្វិក ស៊ីរី យេម៉ែន ប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន។ ចំនួ​នប្រជាជនកំពុងប្រឈមមុខនឹងអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរ បានកើនឡើងពី១៣៥លាននាក់ ដល់៣៤៥លាននាក់ ចាប់តាំងពី ឆ្នាំ២០១៩មក។ ម្យ៉ាងវិញទៀត បើទោះជាសង្រ្គាមនៅអ៊ុយក្រែនអាចនឹងបិទបញ្ចប់ទៅដោយមានកិច្ចព្រមព្រៀងណាមួយ ហើយអ៊ុយក្រែនអាចនាំចេញគ្រាប់ធញ្ញជាតិទៅកាន់ ទីផ្សារពិភពលោកក៏ដោយ ក៏កង្វះខាតស្បៀងអាហារនៅតែមានដដែល ដោយសារតែការប្រែប្រួលអាកាសធាតុ។

៣. ភាពលាចល និងការប្រឈមមុខជាមួយអ៉ីរ៉ង់៖
បាតុកម្មតវ៉ាដ៏ធំមិនធ្លាប់មានរបស់ប្រជាជនអ៉ីរ៉ង់ អាចនឹងធ្វើឱ្យអ៉ីរ៉ង់ប្រឈមមុខនឹងភាពចលាចល និងវិបត្តិជាច្រើន ស្របពេលការឡើង មកកាន់អំណាចឡើងវិញក្នុងនាមជានាយករដ្ឋមន្ត្រីអ៉ីស្រាអែលរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបង្កឱ្យមានការព្រួយបារម្ភពីការផ្ទុះជម្លោះជាមួយអ៉ីរ៉ង់។ បច្ចុប្បន្ន អ៉ីរ៉ង់ត្រូវបានគេ រាយការណ៍ថាបាន និងកំពុងបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមគ្រប់គ្រាន់ដែលអាចផលិតជាគ្រាប់បែកនុយក្លេអ៊ែរ ក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្ដាហ៍ ហើយអាចនឹងអភិវឌ្ឍ ឬផលិត មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ក្នុងរយៈពេល២ឆ្នាំ ឬតិចជាងនេះ។ រដ្ឋាភិបាលថ្មីរបស់លោក ណេតាន់យ៉ាហ៊ូ និងសភាតំណាងរាស្ត្រអាមេរិកគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ អាចនឹងបង្កើនការដាក់សម្ពាធ ឬក៏ជំរុញឱ្យមានការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរ Fordow រួមទាំងរោងចក្រផលិតយន្ដហោះដ្រូន និងមីស៊ីលរបស់អ៉ីរ៉ង់។ ជាការឆ្លើយតប អ៉ីរ៉ង់អាចនឹង បើកការវាយប្រហារលើរោងចក្រប្រេងអារ៉ាប៊ីសាអូឌីត ឬក៏កប៉ាល់ដឹកប្រេងនៅក្នុងតំបន់ច្រកសមុទ្រ Hormuz ដែលអាចធ្វើឱ្យជម្លោះរាលដាលកាន់តែធំ។

៤. វិបត្តិបំណុលកាន់តែអាក្រក់ឡើងនៅក្នុងចំណោមបណ្ដាប្រទេសកំពុងអភិវឌ្ឍ៖
កម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNDP) បានព្រមានថា៥៤ភាគរយ នៃប្រទេសមានប្រាក់ ចំណូលទាប និងមធ្យម កំពុងប្រឈមមុខនឹងបញ្ហា​បំណុល​ធ្ងន់ធ្ងរ។ បណ្ដាប្រទេសមានប្រាក់ចំណូលទាប ដូចជាសូម៉ាលី និងស៊ីមបាវ៉េ សុទ្ធតែឈរនៅលើលេខរៀងកំពូលនៃបញ្ជីប្រទេស មានបញ្ហាបំណុលធ្ងន់ធ្ងររបស់ UNDP។ វិបត្តិនេះនឹងបង្កផលប៉ះពាល់ដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់ UN នៅឆ្នាំ២០៣០ ក៏ដូចជានឹងធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍ នឹងកាន់តែប្រឈមមុខ​នឹងភាពក្រីក្រ បញ្ហាអប់រំ និងការថយចុះសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅឆ្នាំ២០២៣។

 

៥. ការកើនឡើងបំណុលសកល៖
ក្រុមប្រទេស G20​ ធ្លាប់បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការដោះស្រាយវិបត្តិហិរញ្ញវត្ថុនៅឆ្នាំ២០០៧ និងឆ្នាំ២០០៨។ ប៉ុន្តែ មានការសន្និដ្ឋានជាច្រើនពី កិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២ថាកិច្ចសម្របសម្រួល និងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងវិបត្តិបំណុល មិនទាន់គ្រប់គ្រាន់នោះទេ។ ចិន បច្ចុប្បន្នជាម្ចាស់បំណុលធំបំផុតនៃបណ្ដាប្រទេសកំពុងអភិវឌ្ឍ និងចង់ដោះស្រាយបញ្ហាបំណុលជាលក្ខណៈទ្វេភាគី ហើយដោយសារតែភាពតានតឹងនៃទំនាក់ទំនងរវាងអាមេរិក និងចិន ទីក្រុងប៉េកាំង ទំនងជានឹងមិនធ្វើកិច្ចសហប្រតិបត្តិការជាមួយទីក្រុងវ៉ាស៊ីនតោន ដូចដែលខ្លួនធ្លាប់បានធ្វើកាលពីឆ្នាំ២០០៨ នោះឡើយ។

៦. ការធ្លាក់ចុះនៃកិច្ចសហប្រតិបត្តិការសកល៖
នៅឯជំនួបកំពូល នាឱកាសចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានឯកភាពគ្នាថានឹងចាប់ផ្ដើមកិច្ចសន្ទនាទ្វេភាគីឡើងវិញលើបញ្ហាប្រែប្រួលអាកាសធាតុ។ ក៏ប៉ុន្តែ ភាពតានតឹងរវាងប្រទេសទាំង២ តួយ៉ាងនៅក្នុងសំណុំរឿងតៃវ៉ាន់ អាចនឹងបង្អាក់កិច្ចសហប្រតិបត្តិការនេះ។ បន្ថែមពីលើនេះ ការកើនឡើងគំនិតគាំពារនិយម និងគិតតែពីផលប្រយោជន៍ ខ្លួនឯងជាធំរបស់ពួកមហាអំណាចធំៗ ក៏អាចនឹងធ្វើឱ្យសេដ្ឋកិច្ចនៃប្រទេសដទៃមានកំណើនយឺតយ៉ាវផងដែរ។ G20 នៅតែមិនទាន់អាចជួយដោះស្រាយបញ្ហាបំណុលដែលចេះតែបន្ត កើនឡើងនៅក្នុងចំណោមប្រទេសមួយចំនួនដូចជា បង់ក្លាដែស ប៉ាគីស្ថាន ស្រីលង្កា និងប្រទេសមួយចំនួនទៀតបាននៅឡើយទេ ស្របពេលធនាគារពិភពលោកកំពុងទទួលរងការរិះគន់ ពីសំណាក់បណ្ដាប្រទេសលោកខាងលិច សម្រាប់ការយឺតយ៉ាវក្នុងការផ្ដល់ជំនួយហិរញ្ញវត្ថុបន្ថែមដល់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

៧. សង្រ្គាមបច្ចេកវិទ្យា៖
សង្រ្គាមបច្ចេកវិទ្យានឹងកាន់តែឡើងកម្ដៅខ្លាំងនៅឆ្នាំ២០២៣ ហើយដោយសារតែការរឹតត្បិតបច្ចេកវិទ្យាសឺមីកុងឌុចទ័រ (semiconductors) ទៅលើចិនដោយ រដ្ឋបាលលោក ចូ បៃដិន វានឹងតម្រូវឱ្យចិនបង្កើនការពង្រឹងការអភិវឌ្ឍ និងផលិតបច្ចេកវិទ្យាសឺមីកុងឌុចទ័រនៅក្នុងស្រុក ដែលនេះនឹងនាំឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ព្រមទាំងធ្វើឱ្យ សឺមីកុងឌុចទ័រឡើងថ្លៃខ្ពស់។ បើតាមអង្គការពាណិជ្ជកម្មពិភពលោក (WTO) ការបែងចែកសេដ្ឋកិច្ចពិភពលោកទៅជាប្លុកគ្រប់គ្រងដោយលោកខាងលិច និងប្លុករបស់ចិន អាចនឹងធ្វើឱ្យ ផលិតផលក្នុងស្រុកសរុប ឬ GDP សកលអាចនឹងធ្លាក់ចុះយ៉ាងហោច ៥ភាគរយ ដែលធ្ងន់ធ្ងរជាងវិបត្តិហិរញ្ញវត្ថុសកលក្នុងឆ្នាំ២០០៧ និងឆ្នាំ២០០៨ទៅទៀត។

៨. ផលប៉ះពាល់កាន់តែអាក្រក់នៃការប្រែប្រួលអាកាសធាតុ៖
កិច្ចប្រជុំស្ដីពីអាកាសធាតុ COP27 មិនអាចសម្រេចបានសមិទ្ធផលជាដុំកំភួនអ្វីនោះទេ។ ការអំពាវនាវឱ្យបញ្ឈប់ការប្រើប្រាស់ ឥន្ធនៈផូស៊ីលជាដំណាក់កាល ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ត្រូវបានរាំងខ្ទប់ដោយបណ្ដាប្រទេសក្រុមអ្នកផលិតប្រេង។ ការកើនឡើងកម្ដៅផែនដីនឹងធ្វើឱ្យមានគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតកើតមានឡើងកាន់តែញឹកញាប់។

៩. ភាពតានតឹងកាន់តែស៊ីជម្រៅរវាងសហរដ្ឋអាមេរិក និងចិន៖
បើទោះជាមានជំនួបរវាងលោក ចូ បៃដិន និងលោក ស៊ី ជិនពីង នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក៏ដោយ ក៏ភាពតានតឹងរវាងប្រទេសទាំង២ លើសំណុំរឿងជាច្រើនដូចជាតៃវ៉ាន់ បច្ចេកវិទ្យា សិទ្ធិមនុស្ស តំបន់សមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត នឹងកាន់តែកើន ឡើងជាលំដាប់។ រដ្ឋបាលលោកប្រធានាធិបតី ចូ​ បៃដិន បានចាត់ទុកចិនជាគូប្រជែងភូមិសាស្ត្រនយោបាយធំបំផុតរបស់សហរដ្ឋអាមេរិក នៅក្នុងស.វទី២១នេះ និងមានបំណង កែប្រែសណ្ដាប់ធ្នាប់ពិភពលោកសព្វថ្ងៃ ហើយនេះមានន័យថាសហរដ្ឋអាមេរិក នឹងរិះរកគ្រប់វិធីដើម្បីខ្ទប់ការកើនឡើងឥទ្ធិពលចិន។

 

១០. ស្ថានការណ៍រឹតតែគ្រោះថ្នាក់នៅលើតំបន់ឧបទ្វីបកូរ៉េ៖
កូរ៉េខាងជើង នៅក្នុងឆ្នាំ២០២២ បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគជាង ៨០គ្រាប់ ដែលជាតួលេខច្រើនបំផុតមិនធ្លាប់មាន ពីមុនមក។ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហើបពីគោលដៅថ្មីមួយសម្រាប់យោធានៃប្រទេសរបស់លោក ក្នុងឆ្នាំ២០២៣ នាឱកាសដឹកនាំ កិច្ចប្រជុំគណបក្សពលករ ដែលនេះជាសញ្ញាបង្ហាញថាទីក្រុងព្យុងយ៉ាងនឹងបង្កើនការធ្វើតេស្ដអាវុធនៅឆ្នាំថ្មីខាងមុខ។ ក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងត្បូងបានព្រមាន ម្ដងហើយម្ដងទៀតថា កូរ៉េខាងជើងបានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកទី៧ និងជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៧មក គ្រប់ពេលវេលា។ តែបើ ការធ្វើតេស្ដនេះពិតជាកើតឡើងមែនក៏ដោយ ក៏ចិនត្រូវបានគេរំពឹងថានឹងប្រើសិទ្ធិ អំណាចវេតូរបស់ខ្លួន នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីការពាររបបដឹកនាំ លោក គីម ជុងអ៊ុន ដែលនឹងធ្វើឱ្យចិន និងសហរដ្ឋអាមេរិកកាន់តែមើលមុខគ្នាមិនចំ៕