(ហាណូយ)៖ បើយោងតាមនាយកដ្ឋាននគរបាលចរាចរណ៍របស់ប្រទេសវៀតណាម បានឲ្យដឹងនៅថ្ងៃសុក្រនេះថា គ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ១១,៤៤៨ករណី បានកើតឡើងក្នុងឆ្នាំ២០២២ នៅប្រទេសវៀតណាម ដែលបានសម្លាប់មនុស្សចំនួន ៦,៣៦៤នាក់ របួសធ្ងន់ចំនួន ៤,២១៥នាក់ និងរបួសស្រាលចំនួន ៣,៦១៣នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២។
ចំនួនគ្រោះថ្នាក់ចរាចរណ៍ និងករណីរបួសស្រាលបានថយចុះ ០.៣ភាគរយ និង ១២.១ ភាគរយតាមរៀងគ្នា ខណៈចំនួនអ្នកស្លាប់ និងរបួសធ្ងន់ធ្ងរបានកើនឡើង ៩.៩ ភាគរយ និង ៧.៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាមធ្យមក្នុងឆ្នាំ២០២២ វៀតណាមបានជួបគ្រោះថ្នាក់ចរាចរណ៍៣១លើកក្នុងមួយថ្ងៃ ដែលបានឆក់យកជីវិតមនុស្ស១៧នាក់ និងរបួស២២នាក់។
គួរបញ្ជាក់ថា យោងតាមការិយាល័យស្ថិតិរបស់ប្រទេសបានឱ្យដឹងថា កាលពីឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប ១១,៤៥៤ បានកើតឡើងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដែលបានសម្លាប់មនុស្សជាង ៥.៧០០នាក់ និងរងរបួសជិត ៨.០០០នាក់៕