(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នាថ្ងៃសុក្រនេះ បាននិយាយថា រូបលោករំពឹងថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសរុស្ស៉ី នៅកំលុងរដូវផ្ការីកឆ្នាំក្រោយ គឺចន្លោះខែមីនា-មិថុនា ក្នុងសកម្មភាពមួយ ដែលនឹងក្លាយជាការបង្ហាញចេញ នូវជំហរសាមគ្គីភាពពីសំណាក់ទីក្រុងប៉េកាំងដល់ទីក្រុងមូស្គូ ចំពោះមុខសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២។

កំលុងជំនួបតាមប្រព័ន្ធវីដេអូអនឡាញនាថ្ងៃសុក្រនេះ លោកប្រធានាធិបតីរុស្ស៉ី បាននិយាយយ៉ាងដូច្នេះថា «ពួកយើងរំពឹងថា អ្នកដែលជាមិត្តសម្លាញ់យើង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋមកកាន់ទីក្រុងមូស្គូ កំលុងរដូវផ្ការីកឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះ នឹងបង្ហាញឱ្យពិភពលោកបានឃើញ អំពីភាពស្និទ្ធស្នាលជាខ្លាំងនៃទំនាក់ទំនងរុស្ស៉ី-​ចិន»

ក្នុងកិច្ចពិភាក្សាខ្លីត្រឹមរយៈពេលជាង១០នាទីនោះ លោក ពូទីន បានបន្ថែមថា ទំនាក់ទំនងរុស្ស៉ី-ចិន កំពុងកើនឡើងសារសំខាន់ខ្លាំង ក្នុងតួនាទីជាកត្តារក្សាស្ថិរភាព ហើយរូបលោកមានគោលដៅចង់ ពង្រឹងកិច្ចសហប្រតិបត្តិការយោធា ឱ្យកាន់តែស៉ីជម្រៅបន្ថែមទៀត រវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប លោកប្រធានាធិបតីចិនបាននិយាយថា ទីក្រុងប៉េកាំងត្រៀមលក្ខណៈជាស្រេច ដើម្បីបង្កើន​កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ជាមួយរុស្ស៉ីប្រឆាំងនឹងស្ថានការណ៍ដ៏លំបាក នៅលើពិភពលោក។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងរុស្ស៉ីនិងចិន ដែលភាគីទាំងពីរបានលើកតម្កើងជាដៃគូគ្មានដែនកំណត់នោះ បានប្រែក្លាយជារឿងដ៏​សំខាន់ខ្លាំងមួយ ចាប់តាំងពីទីក្រុងមូស្គូបានបញ្ជូនកងទ័ពឱ្យចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ស្របពេលដែល ក្រុមប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មយ៉ាងចាស់ដៃលើរុស្ស៉ី ចិនមិនបានចូលរួមជាមួយ ឬថ្កោលទោសសកម្មភាពរបស់​រុស្ស៉ីឡើយ ហើយជំនួសមកវិញ ទីក្រុងប៉េកាំងបានសង្កត់ធ្ងន់អំពីភាពចាំបាច់ នៃការសម្រេចឱ្យបាននូវសន្តិភាព។ ដោយឡែក ការនាំចេញថាមពលរបស់រុស្ស៉ីទៅកាន់ប្រទេសចិន បានកើនឡើងជាខ្លាំងចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង ដោយឥឡូវរុស្ស៉ីក្លាយជាអ្នកផ្គត់ផ្គង់ប្រេងធំបំផុតរបស់ចិន៕