(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) បាននិយាយថា នៅថ្ងៃសុក្រនេះ ឥណ្ឌូណេស៊ីសម្រេចលុបចោលវិធានការសេសសល់ទាំងអស់ ដែលបានដាក់ចេញដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ដោយសារតែប្រជាជនភាគច្រើន មានប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺនេះរួចហើយ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២។

ជិត៧៥ភាគរយនៃប្រជាជនឥណ្ឌូណេស៊ី ដែលមានអាយុលើសពី ៦ឆ្នាំឬ ១៧៤.៧លាននាក់ បានទទួលការចាក់វ៉ាក់សាំងចំនួន ២ដូស ហើយប្រហែល ៦៨.៥លាននាក់ បានចាក់ដូសជំរុញយ៉ាងហោចណាស់មួយដូស។ នៅមុនសេចក្តីប្រកាសខាងលើនេះ ការរឹតបន្តឹងលើសកម្មភាពសង្គមភាគច្រើន ត្រូវបានដកចេញរួចទៅហើយ សម្រាប់អ្នកដែលបានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ យ៉ាងហោចណាស់មួយដូស ប៉ុន្តែអាជ្ញាធរនៅតែតម្រូវឲ្យពាក់ម៉ាស់ក្នុងកន្លែងប្រជុំជន និងការប្រើប្រាស់កម្មវិធីតាមដានកូវីដ១៩ ពេលចូលទៅកាន់ទីសាធារណៈនានា។

លោក វីដូដូ បានប្រាប់សន្និសីទសារព័ត៌មាន យ៉ាងដូច្នេះថា «នឹងមិនមានការរឹតបន្តឹងទៀតឡើយលើការប្រមូលផ្តុំ និងសកម្មភាពសង្គម ហើយការសម្រេចចិត្តនេះធ្វើឡើង ដោយផ្អែកលើតួលេខឆ្លងចុងក្រោយបង្អស់»។

គួរបញ្ជាក់ថា ប្រទេសដែលមានប្រជាជនច្រើនជាងគេទី៤ របស់ពិភពលោកមួយនេះ បានកត់ត្រាករណីឆ្លងកូវីដ១៩ សរុបជាង ៦.៧លានករណី ដោយមានអ្នកស្លាប់ចំនួន ១៦០,៥៨៣នាក់៕