(ប៉ារីស)៖ អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders ឬ RSF) នៅថ្ងៃសុក្រនេះ បានចេញរបាយការណ៍ឱ្យដឹងថា ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ គឺមានអ្នកកាសែតសរុបជិត ១,៧០០នាក់ ត្រូវបានគេសម្លាប់នៅទូទាំងពិភពលោក ដោយបើគិត​ជាមធ្យម គឺខ្ទង់ជាង៨០នាក់ក្នុងមួយឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២។

អំលុងរយៈពេលខាងលើនេះ អ៉ីរ៉ាក់និងស៉ីរីគឺជាប្រទេសដែលគ្រោះថ្នាក់ជាងគេបំផុត ក្នុងការបំពេញការងារជាអ្នកសារព័ត៌មាន។ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយ មានអ្នកកាសែតសរុប៥៧៨នាក់ ត្រូវបានសម្លាប់នៅប្រទេសទាំងពីរ ឬស្មើនឹងជាង១ភាគ៣ នៃតួលេខសរុបជុំវិញពិភពលោក។ ប្រទេសគ្រោះថ្នាក់បន្តបន្ទាប់ទៀត រួមមានដូចជាម៉ិកស៉ិក (១២៥នាក់), ហ្វីលីពីន (១០៧នាក់), ប៉ាគីស្ថាន (៩៣នាក់), អាហ្វហ្កានីស្ថាន (៨១នាក់) និងសូម៉ាលី (៧៨នាក់)។

យោងតាមរបាយការណ៍របស់អង្គការ RSF ឆ្នាំដែលខ្មៅងងឹតជាងគេគឺ២០១២និង២០១៣ ដោយសារតែសង្រ្គាមនៅប្រទេសស៉ីរី។ ក្នុងឆ្នាំ២០១២ មានអ្នកកាសែតត្រូវបានគេសម្លាប់សរុប១៤៤នាក់ ហើយក្នុងឆ្នាំបន្ទាប់នោះគឺ២០១៣ មាន១៤២នាក់។ តួលេខក៏បានថយចុះដោយសន្សឹមៗ នៅក្នុងឆ្នាំក្រោយៗមក រហូតដល់តួលេខទាបខ្លាំងជាប្រវត្តិសាស្រ្ត ចាប់ពី២០១៩ តទៅ ប៉ុន្តែវាបានកើនឡើងជាថ្មីម្តងទៀត ក្នុងឆ្នាំ២០២២ ដោយសារមូលហេតុមួយផ្នែក គឺសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា ក្នុងឆ្នាំនេះ មានអ្នកកាសែតចំនួន៥៨នាក់ ត្រូវបានគេសម្លាប់ពេលកំពុងបំពេញការងារ ដែលកើនពីចំនួន៥១នាក់ ក្នុងឆ្នាំ២០២១។ បច្ចុប្បន្នអ៊ុយក្រែន គឺជាកន្លែងគ្រោះថ្នាក់ជាងគេក្នុងតំបន់អឺរ៉ុប សម្រាប់បុគ្គលិកផ្នែកសារព័ត៌មាន៕