(ប៉េកាំង)៖ ការអធិប្បាយពាក់ព័ន្ធនឹង «កំណែទម្រង់» ស្ទើរតែត្រូវបានលើកឡើងជារៀងរាល់ឆ្នាំដោយលោក Xi Jinping ថ្នាក់ដឹកនាំប្រទេសចិននៅក្នុងសុន្ទរកថាអបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ «កំណែទម្រង់» បានក្លាយទៅជាការយកចិត្តទុកដាក់សំខាន់របស់លោក Xi Jinping ក្នុងអភិបាលកិច្ចរដ្ឋ។

ចាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូលបានជំរុញប្រទេសចិនឱ្យសម្រេចបាន នូវកំណែទម្រង់ជាលក្ខណៈប្រវត្តិសាស្ត្រ ការស្តារឡើងវិញជាលក្ខណៈប្រព័ន្ធ និងការកសាងឡើងវិញជាសមូហភាពលើ វិស័យជាច្រើនតាមរយៈប្តេជ្ញាចិត្តនិងកម្លាំងមិនធ្លាប់មានពីមុនមក ហើយបានត្រួសត្រាយនិម្មាបនកម្មថ្មី នៃកំណែទម្រង់និងបើកទូលាយរបស់ប្រទេសចិន។ ការធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយបានក្លាយទៅជា លក្ខណៈពិសេសដ៏លេចធ្លោរបស់ប្រទេសចិនក្នុងយុគសម័យថ្មី។

នៅក្នុងសុន្ទរកថាអបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៤ លោក Xi Jinping បានបង្ហាញពីជំនឿចិត្តនិងប្តេជ្ញាចិត្ត អំពីកំណែទម្រង់ដូចបែបនេះ “គោលដៅដែលយើងជំរុញកំណែទម្រង់គឺ ធ្វើឱ្យប្រទេសកាន់តែមានវិបុលភាពនិងខ្លាំងក្លា ធ្វើឱ្យសង្គមកាន់តែប្រកបដោយយុត្តធម៌និងសច្ចភាព ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ។

ទាក់ទិននឹងគោលដៅទូទៅនៃការធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយដែលកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី១៨បានលើកឡើង លោក Xi Jinping បានអធិប្បាយដូចបែបនេះ អ្វីដែលផ្តល់ជាប្រយោជន៍បំផុតដល់ប្រជាជន ផ្តល់ប្រយោជន៍សម្រាប់ការអភិវឌ្ឍ និងស្ថិរភាពយូរអង្វែងរបស់បក្សនិងជាតិ បើកែត្រូវតែកែដោយមិនងាករេ។

ចាប់ពីកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី១៨តទៅ ប្រទេសចិនបានដាក់ចេញផែនការ កំណែទម្រង់ជាង២០០០ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងអង្គភាពបក្សនិងរដ្ឋ ប្រព័ន្ធតុលាការ ប្រព័ន្ធសេដ្ឋកិច្ច វប្បធម៌ ការអប់រំ សុខាភិបាល និងថែទាំមនុស្សចាស់ជាដើម។
គោលដៅដែលកិច្ចប្រជុំពេញអង្គ បានលើកឡើងបានសម្រេចជាទូទៅតាមពេលកំណត់។ បច្ចុប្បន្ន ភារកិច្ចកំណែទម្រង់ថ្មី ដែលរៀបចំបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិន លើកទី១៩កំពុងបន្តជំរុញ។ ដូចលោក Xi Jinping បានថ្លែងក្នុងសុន្ទរកថា អបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២១ «កំណែទម្រង់និងបើកទូលាយបានបង្កើតអច្ឆរិយៈនៃការអភិវឌ្ឍ ត្រូវតែធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅ និងពង្រីកបើកទូលាយដោយភាពក្លាហាននៅថ្ងៃខាងមុខ៕

វិទ្យុមិត្តភាពកម្ពុជាចិន