(ប៉េកាំង)៖ ថ្ងៃទី២៦ ខែធ្នូ រដ្ឋាភិបាលចិនបានចេញផ្សាយសេចក្តីប្រកាស ដោយប្តូរឈ្មោះ «ជំងឺរលាកសួតប្រភេទថ្មីកូវីដ១៩» ទៅជា «ជំងឺឆ្លងវីរុសកូវីដ១៩» ហើយបានប្រកាសថា ចាប់ពីថ្ងៃទី៨ខែមករាឆ្នាំ២០២៣តទៅ កែសម្រួលកម្រិតឆ្លងវីរុសកូវីដ១៩ពី «ថ្នាក់ B និងគ្រប់គ្រងតាមថ្នាក់ A» ទៅជា «ថ្នាក់ B គ្រប់គ្រងតាមថ្នាក់ B» ។ ដល់ពេលនោះ វិធានការធ្វើចត្តាឡីស័ក នឹងមិនត្រូវបានអនុវត្តចំពោះអ្នកឆ្លងជំងឺនោះទេ នឹងមិនស្វែងរកអ្នកប៉ះពាល់ជិតស្និទ្ធទៀតទេ ហើយមិនកំណត់តំបន់មានហានិភ័យខ្ពស់ និងតំបន់មានហានិភ័យទាបទៀតឡើយទេ ក៏ដូចជាមិនអនុវត្តវិធានការគ្រប់គ្រងជំងឺឆ្លង និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរនិងទំនិញចូលដែនទៀតទេ។

នេះជាការកែលំអនិងកែសម្រួលបន្ថែមទៀត ចំពោះយុទ្ធសាស្ត្របង្ការនិងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិន គឺជាប្រតិបតិ្តការដោយម្ចាស់ការរបស់ប្រទេសចិនក្នុងការប្រកាន់ខ្ជាប់ នូវការអនុវត្តជាក់ស្តែងដោយចំគោលដៅ តាមបែបវិទ្យាសាស្រ្ត និងកែលំអវិធានការបង្ការជំងឺរាតត្បាត ដោយឈរលើមូលដ្ឋានដូចជាវាយតម្លៃចម្រុះ ទៅលើការបម្លែងថ្មីរបស់វីរុស ស្ថានភាពជំងឺរាតត្បាត និងបទពិសោធបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងជាដើម អ្វីដែលប្រទេសចិនបានគោរពគឺគោលការណ៍ស្តីពីការតម្កល់ទុកប្រជាជនជាអាទិភាព និងតម្កល់ទុកអាយុជីវិតជាចម្បង។

ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងរយៈពេលជិត៣ឆ្នាំមក ជានិច្ចកាល រដ្ឋាភិបាលចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ តម្កល់ទុកប្រជាជនជាអាទិភាព និងតម្កល់ទុកអាយុជីវិតជាចម្បង។ យោងតាមសភាពការណ៍ជាតិរបស់ខ្លួន បានកំណត់គោលនយោបាយបង្ការជំងឺរាតត្បាត ដែលសមស្របនឹងផលប្រយោជន៍របស់ប្រជាជនទូលំទូលាយបំផុត បានការពារសុវត្ថិភាពអាយុជីវិត និងសុខភាពរបស់ប្រជាជនក្នុងកម្រិតអតិបរមា កាត់បន្ថយផលប៉ះពាល់ចំពោះ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃជំងឺរាតត្បាតក្នុងកម្រិតអតិបរមា។ បើមើលពីក្របខ័ណ្ឌសកល អត្រាករណីឈឺធ្ងន់ធ្ងរ អាត្រាស្លាប់របស់ប្រទេសចិនសុទ្ធតែទាបជាងគេ។ អាយុកាលរំពឹងទុកជាមធ្យមរបស់ប្រជាជនចិន បានកើនឡើងពី៧៧,៣ឆ្នាំ ដល់៧៨,២ឆ្នាំ។ ក្នុងសភាពការណ៍ដែលសន្ទស្សន៍អភិវឌ្ឍន៍មនុស្សជាតិពិភពលោកទាំងមូលបានធា្លក់ចុះ ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា ចំណាត់ថ្នាក់នៃសន្ទស្សន៍អភិវឌ្ឍន៍មនុស្សជាតិរបស់ប្រទេសចិន មានលេខរៀងកើនឡើង៦។

ចាប់តាំងពីជំងឺរាតត្បាតពិភពលោកទាំងមូលផ្ទុះឡើងនៅឆ្នាំ២០២០មក បណ្តាប្រទេសនានាលើពិភពលោកសុទ្ធតែបាន និងកំពុងស្វែងរក កែលំអនិងកែសម្រួលគោលនយោបាយបង្ការជំងឺរាតត្បាតជាបន្តបន្ទាប់ ប្រទេសណាមួយសុទ្ធតែត្រូវឆ្លងកាត់ដំណាក់កាល សម្របខ្លួននៅពេលកែសម្រួលគោលនយោបាយបង្ការជំងឺរាតត្បាត ហើយប្រទេសចិនក៏មិនបានក្លាយជាករណីលើកលែងដែរ។

ចំណែកប្រព័ន្ធផ្សព្វផ្សាយមួយចំនួនតូចនៃប្រទេសមួយចំនួនតូច មានចេតនាឃោសនាបំប៉ោងរហូតដល់មួលបង្កាច់ការកែសម្រួល គោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិន ធ្វើមិនដឹងមិនឮចំពោះការរួមចំណែករបស់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល ហើយជៀសវាងមិននិយាយអំពីភាពច្របូកច្របល់ជាច្រើន និងតម្លៃដ៏ធ្ងន់ធ្ងរដែលគេបានបង់ក្នុងការបង្ការជំងឺរាតត្បាតរបស់ប្រទេសខ្លួន។ នេះជាស្ដង់ដារពីរទាំងស្រុង ហើយបានបំពានយ៉ាងធ្ងន់ធ្ងរដល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

នាពេលបច្ចុប្បន្ន ការវិវត្តនៃស្ថានភាពជំងឺរាតត្បាតប្រទេសចិន គឺស្ថិតក្នុងការរំពឹងទុកនិងអាចគ្រប់គ្រងបានជាទូទៅ។ ទីក្រុងប៉េកាំងបានឆ្លងផុតពីដំណាក់កាលកំពូលនៃជំងឺរាតត្បាតមុនគេ ហើយតំបន់ផ្សេងទៀតនៃប្រទេសចិនក៏កំពុងកែ សម្រួលវិធានការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតផងដែរ ដោយស្ដារឡើងវិញនូវសណ្តាប់ធ្នាប់នៃផលិតកម្ម និងជីវភាពរស់នៅជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះតំបន់ជាច្រើនក៏បានស្វែងរក ការកែលំអវិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងថែមមួយកម្រិតទៀត ដើម្បីធ្វើឱ្យការងារបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត កាន់តែប្រកបដោយភាពវិទ្យាសាស្ត្រ ភាពចំគោលដៅនិងប្រសិទ្ធភាព ដោយឈរលើមូលដ្ឋាននៃការអនុវត្តគោលនយោបាយ បង្ការនិងគ្រប់គ្រងជំងឺរាតត្បាតដែលមានស្រាប់បច្ចុប្បន្ន។ ប្រទេសចិនមានជំនឿចិត្តយ៉ាងពេញលេញក្នុង ការធានាឱ្យការកែសម្រួលបានដំណើរការដោយនឹងនរនិងមានរបៀបរៀបរយ។

នាពេលបច្ចុប្បន្ននេះ សមត្ថភាពចម្លងវីរុសកូវីដ១៩បម្លែងថ្មីអូមីក្រុង ត្រូវបានចុះខ្សោយហើយសមត្ថភាពព្យាបាលជំងឺ ធ្វើតេស្តវីរុសនិងការចាក់វ៉ាក់សាំងរបស់ប្រទេសចិន ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។ នៅក្នុងបរិបទបែបនេះ ភាគីចិនបានកែលំអវិធានការបង្ការជំងឺរាតត្បាត ហើយផ្លាស់ប្ដូរចំណុចសំខាន់នៃការងារពីការបង្ការ និងគ្រប់គ្រងទៅជាការបង្ការករណីឈឺធ្ងន់ និងការពារសុខភាព ធ្វើការចាត់ចែងរៀបចំប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ នេះគឺធ្វើតាមបែបវិទ្យាសាស្រ្តនិងទាន់ពេលវេលា ដែលមានភាពចាំបាច់ណាស់ ក្នុងគោលបំណងការពារសុវត្ថិភាពអាយុជីវិត និងសុខភាពរបស់ប្រជាជនក្នុងកម្រិតអតិបរមា ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពី ជំងឺរាតត្បាតចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងកម្រិតអតិបរមា។

ការប្រកាន់ខ្ជាប់នូវគោលការណ៍ស្តីពី ការតម្កល់ទុកប្រជាជនជាអាទិភាព និងតម្កល់ទុកអាយុជីវិតជាចម្បង ជំរុញយ៉ាងសកម្មឱ្យសហគមន៍អន្តរជាតិយកឈ្នះ លើជំងឺរាតត្បាតគឺជាជម្រើសនិងសកម្មភាពរបស់ប្រទេសចិន ក្នុងពេលប្រឈមមុខនឹងសភាពការណ៍ជំងឺរាតត្បាត ដែលមិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំកន្លងមក។ យើងជឿជាក់ថា ក្រោមការដឹកនាំដ៏មុតមាំរបស់ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោក Xi JinPing ជាស្នូលប្រមុខ ដោយពឹងផ្អែកលើការសាមគ្គីគ្នាជាធ្លុងមួយ របស់ប្រជាជនចិនចំនួនជាង១ពាន់៤រយលាននាក់ និងការគាំទ្រដ៏រឹងមាំនៃកម្លាំងជាតិចម្រុះ ដែលមានភាពខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ ពួកយើងប្រាកដជានឹងទទួលជ័យជម្នះចុងក្រោយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាក់ជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន