(ប៉េកាំង)៖ ឆ្នាំ២០២២ នៅអឺរ៉ុប។ ការវាយប្រហារទៅលើសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺកូវីដ១៩ នៅមិនទាន់រលាយសាបសូន្យនៅឡើយ ស្នូរកាំភ្លើងធំនៃការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែនក៏នាំមកនូវពពកខ្មៅលើ ផ្ទៃមេឃរបស់អឺរ៉ុបទៀតផងដែរ។

សង្គ្រាមនិងការប៉ះទង្គិច បានបន្សល់ទុកនូវការឈឺចាប់ជាច្រើនដល់មនុស្សទាំងឡាយ ហើយក៏បានបង្អង់ល្បឿន នៃការអភិវឌ្ឍរបស់សង្គម ដែលបានបណ្តាលឱ្យកើតមាន វិបត្តិសកលមួយចំនួនផងដែរ។ រុស្ស៊ីនិងអ៊ុយក្រែនសុទ្ធតែជាប្រទេសធំ ក្នុងការផលិតនិងនាំចេញស្បៀងអាហារនៅលើពិភពលោក ការប៉ះទង្គិចរវាងប្រទេសទាំងពីរនេះបានបណ្តាល ឱ្យតម្លៃស្បៀងអាហារសកលឡើងថ្លៃយ៉ាងខ្លាំង ក៏បានបណ្តាលឱ្យកើតមានវិបតិ្តស្បៀងអាហារសកលដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីឆ្នាំ២០០៨មក អាយុជីវិតនិងការរស់នៅរបស់មនុស្សចំនួន ៣៤៥លាននាក់ប្រឈមនឹងការគំរាមកំហែង។

ប្រឈមនឹងវិបតិ្តដែលមានភាពកាន់តែធ្ងន់ធ្ងរ តើយើងត្រូវធ្វើយ៉ាងម៉េច? គួរតែរកគ្រប់មធ្យោបាយដើម្បីដោះស្រាយបញ្ហាពីឬសគល់ និយាយបញ្ចុះបញ្ចូលឱ្យធ្វើការចរចាសន្តិភាព ឬមួយក៏ធ្វើឱ្យឆាបឆេះកំហឹងនិងដុតភ្លើងបន្ថែម? វាច្បាស់ណាស់ថា អាមេរិកបានជ្រើសរើសការធ្វើឱ្យឆាបឆេះកំហឹង។ លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងថា បន្ទាប់ពីលោក បៃដិន ឡើងកាន់មុខតំណែងជាប្រធានាធិបតីអាមេរិកមក អាមេរិកបានផ្តល់ជំនួយយោធាសរុបប្រហែល ២១៩០០លានដុល្លារអាមេរិកដល់អ៊ុយក្រែន។ អាមេរិកបានដឹកបញ្ជូនអាវុធទៅកាន់អឺរ៉ុបជាបន្តបន្ទាប់ ប្រការនេះបានបណ្តាលឱ្យសង្គ្រាមឡើងកម្ដៅដើមឡើយក៏បានធ្វើឱ្យពាណិជ្ជករជួញដូរអាវុធ របស់អាមេរិករកបានប្រាក់ចំណេញយ៉ាងច្រើនសម្បើម។

ក្រឡេកមកមើលទង្វើរបស់អាមេរិកនៅអាស៊ី។ នៅខែសីហា លោកស្រី Pelosi អ្នកនយោបាយអាមេរិកមិនអើពើ នឹងការប្រឆាំងយ៉ាងខ្លាំងទាំងក្នុងស្រុកនិងអន្តរជាតិ ចចេសធ្វើដំណើរទស្សនកិច្ចនៅតំបន់ចិនតៃវ៉ាន់ ប៉ុនប៉ងបង្ករឿងហេតុនៅតំបន់អាស៊ីខាងកើត។ ដើម្បីរក្សាឧត្តមភាពខាងបច្ចេកវិទ្យាទំនើបរបស់ខ្លួន អាមេរិកបានដាក់ចេញអ្វីដែលហៅថា សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបយ៉ាងកម្រោល ដើម្បីរឹតត្បិតការវិនិយោគនិងនាំចេញ ចំពោះប្រទេសចិនលើវិស័យបច្ចេកវិទ្យាទំនើប។ល។

តើមិនពឹងផ្អែកលើកម្លាំងបាយនិងអំណាចផ្តាច់មុខ ក៏មិនអាចដោះស្រាយបាននូវបញ្ហាលើភពផែនដីយើងមែនទេ? ប្រាកដជាមិនមែនទេ។ ប្រទេសចិននិងប្រទេសស្រឡាញ់សន្តិភាពនៅលើពិភពលោកភាគច្រើន សុទ្ធតែជ្រើសរើសការធ្វើកិច្ចសហប្រតិបតិ្តការនិងឈ្នះ-ឈ្នះ។ ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ យោងតាមកិច្ចព្រមព្រៀងស្តីពី ទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមានជាផ្លូវការ តំបន់ពាណិជ្ជកម្មសេរីដែលមានចំនួនប្រជាជន និងទំហំសេដ្ឋកិច្ចសរុប១ភាគ៣នៃពិភពលោកទាំងមូល និងជាតំបន់ពាណិជ្ជកម្មសេរីធំជាងគេនៅលើពិភពលោកបានបង្កើតឡើង។ កិច្ចព្រមព្រៀងនេះបានធ្វើឱ្យរដ្ឋសមាជិកចំនួន១៥ ក្នុងនោះបូករួមទាំងប្រទេសអាស៊ានទាំង១០ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង នូវែលសេឡង់កាន់តែភាពងាយស្រួល ក្នុងការធ្វើពាណិជ្ជកម្ម និងមានការប្រាស្រ័យទាក់ទងឆ្លងដែនរវាងបុគ្គលិកកាន់តែជិតស្និទ្ធ។

រដ្ឋសមាជិកអាសិប មានប្រទេសអភិវឌ្ឍន៍ ក៏មានប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសមិនរីកលូតលាស់ជាងគេ ប្រទេសនានាមានជនជាតិនិងសាសនាខុសគ្នា មានវប្បធម៌សម្បូរបែប ថែមទាំងក៏មានការខ្វែងគំនិតខាងនយោបាយ យ៉ាងខ្លាំងរវាងប្រទេសមួយចំនួនផងដែរ ប៉ុន្តែប្រការទាំងនេះមិនបានរំខានដល់ប្រទេសទាំងក្នុងការទុកការវិវាទនៅមួយអន្លើ ចាប់ដៃគ្នាធ្វើកិច្ចសហប្រតិបតិ្តការ និងទទួលបានវិបុលភាពរួមនោះឡើយ។ ការបើកទូលាយ កិច្ចសហប្រតិបតិ្តការ និងបរិយាប័ន្ន បានក្លាយជាចរន្តយុគសម័យមិនអាចដើរបញ្ច្រាសបាន។ ការដោះស្រាយការវិវាទតាមរយៈកិច្ចសន្ទនាសន្តិភាព ការសម្រេចបាននូវភាពឈ្នះ-ឈ្នះក្នុងការប្រកួតប្រជែងនិងកិច្ចសហប្រតិបតិ្តការ ក៏ដូចជាបង្កើតសហគមន៍រួមវាសនា របស់មនុស្សជាតិ វាបានក្លាយជាទស្សនទានរួមរបស់ពិភពលោកទាំងមូល។ មានតែធ្វើអ៊ីចឹងទេ ទើបមនុស្សជាតិអាចពុះពារវិបតិ្តនិងបញ្ហាប្រឈមជាច្រើន និងឆ្ពោះទៅមុខយ៉ាងអង់អាចក្លាហាន៕

វិទ្យុមិត្តភាពកម្ពុជាចិន