(ឡុងដ៍)៖ នៅថ្ងៃសុក្រនេះ ចក្រភពអង់គ្លេសបានប្រកាសឱ្យដឹងថា ខ្លួនបានផ្តល់ឱ្យទីក្រុងកៀវ នូវឧបករណ៍រាវរកលោហធាតុជាង ១,០០០គ្រឿង ព្រមទាំងសម្ភារសម្រាប់ដោះគ្រាប់បែកនិងគ្រាប់មីនចំនួន១០០គ្រឿង ដើម្បីជួយអ៊ុយក្រែនបោសសំអាតគ្រឿងផ្ទុះ នៅតាមទឹកដីដែលដណ្តើមបានមកវិញ ពីកងកម្លាំងរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២។
រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក បេន វ៉ាលឡេស (Ben Wallace) បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ការប្រើប្រាស់គ្រាប់មីន ក៏ដូចជាការកំណត់គោលដៅ វាយប្រហារលើហេដ្ឋារចនាសម្ពន្ធស៉ីវិលដោយរុស្ស៉ី ស្តែងឱ្យឃើញយ៉ាងជាក់ច្បាស់អំពីភាពសាហាវឃោរឃៅ ដែលគួរឱ្យតក់ស្លុតជាខ្លាំង នៃសង្រ្គាមឈ្លានពានរបស់លោក ពូទីន។ កញ្ចប់ជំនួយថ្មីចុងក្រោយនេះ នៃការគាំទ្ររបស់ចក្រភពអង់គ្លេស នឹងជួយអ៊ុយក្រែនបោសសំអាតគ្រឿងផ្ទុះពីដែនដី ដែលខ្លួនដណ្តើមបានមកវិញដោយស្របច្បាប់»។
គួរបញ្ជាក់ថា យោងតាមការអះអាងរបស់លោក វ៉ាលឡេស ទីក្រុងឡុងដ៍នឹងបែងចែកថវិកាប្រមាណ ២.៣ពានលានផោន ឬស្មើនឹង ២.៧៧ពាន់លានដុល្លារអាមេរិក សម្រាប់ផ្តល់ជាជំនួយយោធាដល់អ៊ុយក្រែនបន្ថែមទៀត នៅក្នុងឆ្នាំ២០២៣ ពោលគឺជាចំនួនស្មើគ្នាទៅនឹងអ្វីដែលចក្រភពអង់គ្លេស បានផ្តល់ឱ្យទីក្រុងកៀវក្នុងឆ្នាំ២០២២នេះ៕