(ម៉ានីល)៖ ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បាននិយាយនៅថ្ងៃសុក្រនេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ចំថ្ងៃបុណ្យណូអែល នៅឯភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៤៤នាក់ហើយ ដោយមិនទាន់បូកបញ្ចូលមនុស្ស ២៨នាក់ផ្សេងទៀតនៅឡើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២។

ទិន្នន័យបានបង្ហាញថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងដំណាំ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១.៣៦ពាន់លានប៉េសូ ឬប្រមាណ ២៤.៤លានដុល្លារ។ ភ្លៀងធ្លាក់ខ្លាំងបានលិចភូមិ ទីប្រជុំជន និងផ្លូវហាយវេក្នុងតំបន់វីសាយ៉ាស់ (Visayas) និងតំបន់មីដាណាវ (Mindanao) ហើយបង្ខំមនុស្សជាង ៥០,០០០នាក់ ត្រូវភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos Jr) បាននិយាយថា លោកនឹងចុះទៅពិនិត្យដល់ តំបន់ដែលរងគ្រោះដោយផ្ទាល់ ដើម្បីវាយតម្លៃស្ថានភាពបន្ទាប់ពីលោកគ្រោងធ្វើដំណើរទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។ សេចក្តីថ្លែងការណ៍របស់វិមានប្រធានាធិបតី បានដកស្រង់សម្តីរបស់លោក ម៉ាកូស ដូច្នេះថា «ជាអកុសល ភ្លៀងនៅតែបន្តធ្លាក់។ ដូច្នេះយើងត្រូវបន្តឃ្លាំមើលតំបន់ផ្សេងទៀតផងដែរ»

គួរបញ្ជាក់ថា បើទោះបីជាទឹកជំនន់បានចាប់ផ្តើមស្រកចុះ ប៉ុន្តែភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ ក្នុងប្រទេសហ្វីលីពីន៕