(មូស្គូ)៖ វិមានក្រឹមឡាំងបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានស្វាគមន៍ការវិលត្រឡប់មកវិញរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ក្នុងឋានៈជាប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលជាថ្មីម្តងទៀត និងបង្ហាញអំពីចេតនា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២។

សាររបស់លោក ពូទីន ផ្ញើរទៅកាន់លោក ណេតាន់យ៉ាហ៊ូ មានខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថារដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់អ្នក នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរុស្ស៊ី-អ៊ីស្រាអែល លើគ្រប់វិស័យ ដើម្បីជាប្រយោជន៍ដល់ ប្រជាជនរបស់យើង ក្នុងផលប្រយោជន៍នៃការធានាសន្តិភាព និងសន្តិសុខនៅមជ្ឈិមបូព៌ា»

លោក ពូទីន បានបន្ថែមថា «សម្រាប់រុស្ស៊ី យើងសូមកោតសរសើរយ៉ាងខ្លាំងចំពោះការរួមចំណែកផ្ទាល់ខ្លួន និងយូរអង្វែងរបស់អ្នក ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសរបស់យើង»។

គួរបញ្ជាក់ថា លោក ណេតាន់យ៉ាហ៊ូ បានស្បថចូលកាន់តំណែងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោយពីសភាបានបោះឆ្នោតផ្តល់ទំនុកចិត្តដល់រដ្ឋាភិបាលថ្មីរបស់លោក។ បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារលើ អ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ អ៊ីស្រាអែលបានប្រកាន់ជំហរប្រុងប្រយ័ត្នចំពោះទីក្រុងមូស្គូ ដោយព្យាយាមរក្សាអព្យាក្រឹតភាព៕