(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅប្រទេសអ៉ីរ៉ង់ បានរាយការណ៍ថា នៅថ្ងៃសុក្រនេះ អ៉ីរ៉ង់បានប្រារព្ធការធ្វើសមយុទ្ធយោធាចម្រុះ គឺទាំងជើងគោក ជើងអាកាស និងជើងទឹក នៅក្នុងតំបន់ឈូងសមុទ្រ ក្បែរច្រកសមុទ្រហ័រមូស (Hormuz) ដែលជាច្រកផ្លូវទឹកយុទ្ធសាស្រ្តដ៏​សំខាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២។

មន្រ្តីយោធាជើងទឹកអ៉ីរ៉ង់ម្នាក់គឺលោក ហាប៊ីបូលឡា សាយយ៉ារី (Habibollah Sayyari) បានប្រាប់ទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់ IRNA ថា សមយុទ្ធយោធាខាងលើ ដែលមានឈ្មោះសម្គាល់ ហ្សូលហ្វាហ្កា-១៤០១ (Zolfaghar-1401) ត្រូវបានចាប់ផ្តើមនៅភាគខាងកើត ​នៃច្រកសមុទ្រហ័រមូស គឺនៅក្នុងឈូងសមុទ្រអូម៉ង់។ បើតាមលោក សាយយ៉ារី ការហ្វឹកហាត់ មានការចូលរួមពីនាវាមុជទឹកនិងដ្រូនជាដើម ហើយផ្តោតលើប្រតិបត្តិការប្រមូលព័ត៌មានពីកងកម្លាំងសត្រូវ និងប្រតិបត្តិការឈ្លបការណ៍។

គួរបញ្ជាក់ថា ទីក្រុងតេហេរ៉ង់ដែលប្រឆាំងវត្តមានរបស់កងទ័ពជើងទឹក របស់អាមេរិកនិងលោកខាងលិចនៅក្នុងតំបន់ តែងតែប្រារព្ធសមយុទ្ធយោធាជារៀងរាល់ឆ្នាំ នៅច្រកសមុទ្រហ័រមូស ដែលជាច្រកចេញចូលសម្រាប់ប្រេងឆៅប្រមាណ៣០ភាគរយ ដែលត្រូវបានធ្វើពាណិជ្ជកម្មតាមផ្លូវសមុទ្រ។ ច្រកសមុទ្រនេះស្ថិតនៅចន្លោះ ឈូងសមុទ្រពែក្សនិងឈូងសមុទ្រអូម៉ង់៕