(វ៉ាស៉ីនតោន)៖ សេតវិមានបានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខារួចរាល់ហើយ លើសេចក្តីព្រាងកញ្ចប់ថវិកាទំហំរហូតដល់១.៦៦ទ្រីលានដុល្លារ (ពាន់ពាន់លាន) ដែលសម្រាប់ឱ្យ រដ្ឋាភិបាលអាមេរិកប្រើប្រាស់ក្នុងការចំណាយ សម្រាប់ឆ្នាំសារពើពន្ធ២០២៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២។

លោក បៃដិន បានចុះហត្ថលេខាលើសេចក្តីព្រាងកញ្ចប់ថវិកាជាតិនេះ ដែលត្រូវបានសភាអនុម័តកាលពីសប្តាហ៍មុន ខណៈដែលលោកកំពុងសម្រាកវិស្សមកាលចុងឆ្នាំ នៅឯដែនកោះសាំងគ្រ័រ (St. Croix) នៃតំបន់សមុទ្រការីបង់។ ក្នុងកញ្ចប់ថវិកាដ៏ច្រើនមហិមានោះ រួមមានទាំងថវិកាជាកំណត់ត្រាសម្រាប់វិស័យយោធា, ជំនួយបន្ទាន់សម្រាប់អ៊ុយក្រែន, ការជួយឧបត្ថម្ភដល់និស្សិតនិងជនពិការ, ការផ្តល់មូលនិធិនិងធនធានបន្ថែមដើម្បីការពារសិទ្ធិកម្មករ និងសម្រាប់ការបណ្តុះបណ្តាលការងារ ព្រមទាំងការផ្តល់ផ្ទះសម្បែងក្នុងតម្លៃ​សមរម្យ សម្រាប់គ្រួសារ អតីតជនយុទ្ធជន និងអ្នកដែលរត់គេចពីអំពើហិង្សាក្នុងគ្រួសារ។

គួរបញ្ជាក់ថា កញ្ចប់ថវិកាខាងលើ ដែលមានជាង៤,០០០ទំព័រ ត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិក ក្នុងសំឡេងគាំទ្រ៦៨ ទល់នឹងសំឡេងជំទាស់២៩ ខណៈសមាជិកព្រឹទ្ធសភានៃបក្សសាធារណរដ្ឋចំនួន១៨នាក់ ក្នុងចំណោម៥០នាក់ បានចូលរួមគាំទ្រ។ ចំណែកនៅសភាតំណាងរាស្រ្តអាមេរិក វាត្រូវបានអនុម័តក្នុងសំឡេង២២៥គាំទ្រ ទល់នឹង២០១ជំទាស់៕