(ណៃពិដោ)៖ នៅថ្ងៃសុក្រនេះ តុលាការនៃប្រទេសមីយ៉ាន់ ដែលបច្ចុប្បន្នស្ថិតក្រោមរបបដឹកនាំយោធា បានប្រកាសសាលក្រម​ផ្តន្ទាទោសដាក់ពន្ធនាគារអតីតមេដឹកនាំគឺ លោកស្រី អោងសាន ស៊ូជី រយៈពេល៧ឆ្នាំបន្ថែមទៀត សម្រាប់បទល្មើសពុករលួយ​​ចំនួន៥។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២។

បទចោទប្រកាន់អំពើពុករលួយទាំង៥ករណីនោះ គឺពាក់ព័ន្ធទៅនឹងការជួលក៏ដូចជាជួសជុលថែទាំឧទ្ធម្ភាគចក្រ ដែលបានបណ្តាល​ឱ្យខាតបង់ថវិការបស់រដ្ឋ ពេលលោកស្រីនៅកាន់អំណាច។ វាគឺជាសាលក្រមចុងក្រោយគេបំផុត បន្ទាប់ពីសវនាការជំនុំជម្រះក្តីរបស់​លោកស្រីបានប្រព្រឹត្តអស់រយៈពេលជាច្រើនខែមកនេះ និងពុំមានការចោទប្រកាន់បន្ថែមលើលោកស្រីទៀតឡើយ។

ក្នុងសំណុំរឿងកន្លងមក ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ ត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារសរុបយ៉ាងហោច ២៦ឆ្នាំ ក្រោមបទល្មើសជាច្រើនរួមមានចាប់ពី ការបំពានគោលការណ៍រឹតត្បិតប្រឆាំង​ជំងឺកូវីដ១៩, ការកាន់កាប់ឧបករណ៍វិទ្យុទាក់ទងខុសច្បាប់ រហូតដល់ការញុះញង់ឱ្យមានអំពើហិង្សា, ការល្មើសច្បាប់កិច្ចការសម្ងាត់ជាតិ និងការព្យាយាមជះឥទ្ធិពលលើគណៈកម្មការបោះឆ្នោត នៃប្រទេសមីយ៉ាន់ម៉ា។

លោកស្រី ស៊ូជី ដែលសព្វថ្ងៃមានវ័យ៧៧ឆ្នាំ ត្រូវបានគេចាប់ខ្លួន បន្ទាប់ពីផ្ទុះរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបានបិទបញ្ចប់សម័យកាលលទ្ធិប្រជាធិបតេយ្យបណ្តោះអាសន្នរបស់មីយ៉ាន់ម៉ា ហើយរុញច្រានឱ្យប្រទេសអាស៊ានមួយនេះ ធ្លាក់ទៅក្នុងភាពចលាចល និងបង្កឱ្យមនុស្សច្រើនជាង២,៦០០នាក់បាត់បង់ជីវិត៕