(សៅប៉ូឡូ)៖ ប៉ូលិសប្រេស៊ីល បានចាប់ខ្លួនមនុស្សយ៉ាងតិច៤នាក់ និងបានធ្វើការវាយឆ្មក់ទូទាំងប្រទេសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងប្រតិបត្តិការស៊ើបអង្កេតលើករណីប៉ុនប៉ងធ្វើរដ្ឋប្រហារដែលត្រូវបានចោទប្រកាន់ អំឡុងពេលកុបកម្មដោយអ្នកគាំទ្រអតីតប្រធានាធិបតី លោក ហ្ស៊ែរ ប៊ុលសូណារ៉ូ (Jair Bolsonaro)។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២។

អាជ្ញាធរប្រេស៊ីលដឹកនាំដោយតុលាការកំពូល បាននឹងកំពុងបង្រ្កាបលើក្រុមអ្នកគាំទ្រលោក ប៊ុលសូណារ៉ូ មួយភាគតូច ប៉ុន្តែផ្តោតលើអ្នកដែលបដិសេធមិនទទួលស្គាល់ លទ្ធផលបោះឆ្នោតរបស់ប្រធានាធិបតីឆ្វេងនិយម លោក លូអ៉ីស អ៉ីណាស៉ីយ៉ូ លូឡា ដា ស៉ីលវ៉ា (Luiz Inacio Lula da Silva) ហើយអំពាវនាវឲ្យមានរដ្ឋប្រហារយោធា។

ប្រតិបត្តិការកាលពីថ្ងៃព្រហស្បតិ៍ បានកើតឡើងប៉ុន្មានថ្ងៃមុនការស្បថចូលកាន់តំណែងរបស់ លូឡា ចំថ្ងៃអាទិត្យសប្តាហ៍មុន ហើយតិចជាងមួយសប្តាហ៍បន្ទាប់ពីប៉ូលីសក្នុងទីក្រុងប្រាស៉ីលៀ (Brasilia) និយាយថាពួកគេបានទប់ស្កាត់ករណីបំផ្ទុះគ្រាប់បែកមួយ ដែលគ្រោងនឹងធ្វើឡើងដោយក្រុមអ្នកគាំទ្ររបស់លោក ប៊ុលសូណារ៉ូ។ ចំណែក ប៉ូលីសសហព័ន្ធកំពុងតាមប្រមាញ់ជនសង្ស័យផ្សេងទៀត និងអនុវត្តដីកាចាប់ខ្លួនចំនួន ៣២ នៅក្នុងរដ្ឋចំនួន ៨ តាមបទបញ្ជារបស់តុលាការកំពូល។

គួរបញ្ជាក់ថា បទចោទប្រកាន់ក្នុងករណីខាងលើនេះគឺ រួមមានការបង្កការខូចខាត ការដុតបំផ្លាញ ការបង្កើតសមាគមឧក្រិដ្ឋកម្ម ការលុបបំបាត់ដោយហិង្សាចំពោះនីតិរដ្ឋ និងការធ្វើរដ្ឋប្រហារ ដែលសរុបការផ្តន្ទាទោសជាប់ពន្ធនាគារ រហូតដល់ ៣៤ឆ្នាំ៕