(អាស្តាណា)៖ ប្រទេសកាហ្សាក់ ស្ថានកំពុងរៀបចំនិរទេសមន្ត្រីសន្តិសុខរុស្ស៊ីម្នាក់ដែលបានភៀសខ្លួនចេញពីប្រទេស ដោយសារតែការជំទាស់នឹងសង្រ្គាមឈ្លានពានអ៊ុយក្រែន ហើយសង្ឃឹមថានឹងអាចរកកន្លែងជ្រកកោននៅប្រទេសលោកខាងលិច។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២។

ក្នុងនាមជាមន្ត្រីនៃសេវាការពារសហព័ន្ធ (FSO) ដែលមានភារកិច្ចការពារប្រធានាធិបតីរុស្ស៊ី លោកឧត្តមសេនីយ៍ មីកាអែល ហ្ស៉ីលីន (Mikhail Zhilin) អាយុ ៣៦ឆ្នាំ ត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេសរុស្ស៊ី ប៉ុន្តែលោកបានលួចឆ្លងចូលទឹកដីកាហ្សាក់ស្ថានដោយខុសច្បាប់កាលពីខែកញ្ញា នៅពេលដឹងច្បាស់ថាខ្លួនអាចត្រូវបានបញ្ជូនទៅអ៊ុយក្រែន។ រីឯ ភរិយារបស់លោក គឺអ្នកនាង យេកាតឺរីណា (Yekaterina) ក៏បានធ្វើដំណើរទៅកាហ្សាក់ស្ថានដោយស្របច្បាប់ ជាមួយកូន ២នាក់ ក្នុងពេលជាមួយគ្នានោះដែរ។

លោក ហ្ស៉ីលីន ត្រូវបានឃុំខ្លួនក្នុងប្រទេសកាហ្សាក់ស្ថាន ហើយត្រូវបានកាត់ទោសឲ្យនិរទេស ក្រោយព្យាយាមធ្វើដំណើរទៅកាន់ប្រទេសអាមេនី។ អ្នកនាង យេកាតឺរីណា និយាយថា ស្វាមីរបស់នាង បានធ្វើដំណើរទៅកាន់ព្រំដែនរួចហើយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈដែលនាងកំពុងទាក់ទងមេធាវីសិទ្ធិមនុស្សឲ្យជួយការពារការនិរទេសនេះ។

គួរបញ្ជាក់ថា កាហ្សាក់ស្ថាន ជាអតីតសាធារណរដ្ឋសូវៀត ដែលបានបដិសេធសំណើសុំឋានៈជាជនភៀសខ្លួនរបស់អតីតមន្រ្តីសន្តិសុខរុស្ស៉ី។ ផ្អែកលើគោលជំហរមិត្តភាពជាមួយរុស្ស៊ី ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ខ្លួន កាហ្សាក់ស្ថាន មិនបានអនុវត្តសកម្មភាពណាមួយដែលមើលទៅដូចជាកំពុងប្រកាន់ជំហរគាំទ្រសង្គ្រាមនោះទេ ជាពិសេសចាប់តាំងពីពលរដ្ឋកាហ្សាក់ស្ថានភាគច្រើនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន៕