(ហ្ស៊េរុយសាឡិម)៖ សភារបស់ប្រទេសអ៉ីស្រាអែល បានរៀបចំពិធីស្បថចូលកាន់តំណែងនាយករដ្ឋមន្រ្តី លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលជាការចាប់ផ្តើមរដ្ឋាភិបាលស្តាំនិយមជ្រុលជាថ្មីម្តងទៀតក្នុងប្រវត្តិសាស្រ្ត។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២។

លោក ណេតាន់យ៉ាហ៊ូ អាយុ ៧៣ឆ្នាំ បានស្បថចូលកាន់តំណែងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោយពីសភាបានបោះឆ្នោតផ្តល់ទំនុកចិត្តដល់រដ្ឋាភិបាលថ្មីរបស់លោក។ ក្នុងចំណោមសមាជិកសភាចំនួន ១២០រូប ក្នុងនោះមាន ៦៣សំឡេងគាំទ្រ និង ៥៤សំឡេងជំទាស់។ ការចូលកាន់តំណែងរបស់ លោក ណេតាន់យ៉ាហ៊ូ គឺជាការវិលត្រឡប់ មកកាន់អំណាច និងការមកដល់នៃរដ្ឋាភិបាលមួយដែលបានបង្កការភ័យខ្លាចក្នុងចំណោមប្រជាជនប៉ាឡេស្ទីន ក៏ដូចជាជនជាតិអ៊ីស្រាអែលប្រកាន់និន្នាការឆ្វេងនិយម។

គួរបញ្ជាក់ថា លោក ណេតាន់យ៉ាហ៊ូ ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីអ៉ីស្រាអែល ចន្លោះឆ្នាំ១៩៩៦ និងឆ្នាំ១៩៩៩។ ហើយបន្ទាប់មកនៅចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០២១។ ជាថ្មីម្តងទៀត លោក ណេតាន់យ៉ាហ៊ូ បានយកការឈ្នះក្នុងការបោះឆ្នោតសភា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលត្រូវបានគេរំពឹងថានឹងបញ្ចប់ភាពចលាចលនយោបាយ ជាច្រើនឆ្នាំ នៅក្នុងប្រទេសអ៊ីស្រាអែល ដោយការបោះឆ្នោតបានធ្វើឡើងចំនួន ៥ដង ក្នុងរយៈពេលតិចជាង ៤ឆ្នាំ៕