(កៀវ)៖ ប្រជាជននៃរដ្ឋធានីកៀវ របស់អ៊ុយក្រែន ត្រូវបានណែនាំឲ្យរត់រកកន្លែងមានសុវត្ថិភាព នៅព្រឹកថ្ងៃសុក្រនេះ ខណៈសំឡេងស៊ីរ៉ែនបានបន្លឺពេញរដ្ឋធានី មួយថ្ងៃបន្ទាប់ពីរុស្ស៊ី បើកការវាយលុកពីលើអាកាសដ៏ធំបំផុត ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២។

ចាប់តាំងពីម៉ោង២រំលងអាធ្រាត (ម៉ោងក្នុងតំបន់) អភិបាលក្រុងកៀវ បានចេញការជូនដំណឹងតាមបណ្តាញ Telegram អំពីការវាយប្រហារតាមអាកាស ហើយបានអំពាវនាវឲ្យ អ្នកស្រុកស្នាក់នៅមួយកន្លែង។ លោក អូឡេកស៉ី គូឡេបា (Olekskiy Kuleba) អភិបាលក្រុងកៀវ បានបញ្ជាក់ថា «ការវាយប្រហារដោយយន្តហោះដ្រូន កំពុងធ្វើឡើង»

បើតាមសាក្សី នៅចម្ងាយ ២០គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុងកៀវ បានឮការផ្ទុះជាច្រើនលើក និងសំឡេងនៃការបាញ់ទម្លាក់យន្តហោះ។ រីឯក្រសួងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា អគារលំនៅដ្ឋានជាង ១៨ទីតាំង និងការដំឡើងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន ១០ ត្រូវបានបំផ្លាញក្នុងការវាយប្រហារថ្មីចុងក្រោយនេះ។

គួរបញ្ជាក់ថា សំឡេងប្រកាសអាសន្ន អំពីការវាយប្រហារតាមផ្លូវអាកាស ក៏ត្រូវបានបន្លឺឡើងនៅទូទាំងអ៊ុយក្រែនផងដែរ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ស្របពេលដែលកងកម្លាំងរុស្ស៉ី បើកការវាយប្រហារដោយមីស៉ីលជាង ១០០គ្រាប់ទៀត។ ការបាញ់ស្រោចមីស៉ីលថ្មីចុងក្រោយនេះកើតមានឡើង បន្ទាប់ពីវិមានក្រឹមឡាំង បានច្រានចោល ផែនការសន្តិភាព​១០ចំណុច របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលមានគោលដៅកំណត់ឱ្យរុស្ស៉ីគោរពបូរណភាពទឹកដី​របស់អ៊ុយក្រែន ហើយដកទ័ពចេញទៅវិញទាំងអស់។ កាលពីថ្ងៃពុធ ទីក្រុងមូស្គូប្រកាសទាត់ចោលផែនការនេះ ដោយទទូចឱ្យ​អ៊ុយក្រែនទទួលស្គាល់តំបន់ចំនួន៤ គឺដូណេត និងលូហាន នៅភាគខាងកើត ព្រមទាំងខឺសុននិងហ្សាប៉ូរិចហ្ស៉ីយ៉ា នៅភាគខាងត្បូង ដែលរុស្ស៉ីបានកាត់បញ្ចូល ជាឧបសម្ពន្ធរបស់ខ្លួន៕