(មូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ បាននិយាយថាយោធានៃប្រទេសរបស់លោកកំពុងធ្វើការលើផែនការថ្មីមួយ ដើម្បីកាត់ផ្ដាច់ការផ្គត់ផ្គង់អាវុធ និងគ្រាប់រំសេវពី បរទេសសម្រាប់កងកម្លាំងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២។

លោក ឡាវរ៉ូវ ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីកាលពីថ្ងៃពុធសប្ដាហ៍នេះ។ ប្រមុខការទូតរុស្ស៉ីរូបនេះបានគូសបញ្ជាក់ទៀតថាមាន ការអំពាវនាវជាច្រើននៅក្នុងចំណោមអ្នកជំនាញយោធារុស្ស៉ី ឱ្យមានការកាត់ផ្ដាច់ផ្លូវផ្គត់ផ្គង់អាវុធពីលោកខាងលិចទៅឱ្យអ៊ុយក្រែន។ លោក ឡាវរ៉ូវ បានបន្ថែមដូច្នេះថា «យើងបានអង្កេត ឃើញថាអ៊ុយក្រែនកំពុងទទួលបានអាវុធលោកខាងលិចកាន់តែច្រើន និងកាន់តែទំនើប...ដូច្នេះបណ្ដាញផ្លូវដែក ស្ពាន និងរូងក្រោមដីអាចនឹងស្ថិតនៅក្រោមការពិចារណា ហើយខ្ញុំគិតថាពួកគេ (យោធារុស្ស៉ី) នឹងធ្វើការសម្រេចចិត្តប្រកបដោយវិជ្ជាជីវៈថាតើត្រូវធ្វើដូចម្ដេចដើម្បីរារាំង ឬក៏បញ្ឈប់តែម្ដងនូវការផ្គត់ផ្គង់អាវុធ (ឱ្យអ៊ុយក្រែន)»។​

គួរបញ្ជាក់ថា បើតាមលោក ឡាវរ៉ូវ ការវាយប្រហាររបស់រុស្ស៉ីលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន បានបង្កការលំបាករួចទៅហើយដល់ការផ្គត់ផ្គង់អាវុធពីលោកខាងលិចឱ្យអ៊ុយក្រែន ខណៈលោកផ្ទាល់ជឿថារុស្ស៉ីនឹងសម្រេចគោលដៅទាំងឡាយរបស់ខ្លួននៅក្នុងសង្រ្គាមអ៊ុយក្រែន៕