(មីនស្កិ៍)៖ រដ្ឋាភិបាលបេឡារុស បានកោះហៅឯកអគ្គរដ្ឋទូតអ៊ុយក្រែនឱ្យចូលជួប ដើម្បីសម្ដែងការតវ៉ា បន្ទាប់ពីទីក្រុងមីនស្កិ៍ បានអះអាងថាខ្លួនបានបាញ់ទម្លាក់មីស៊ីលមួយគ្រាប់នៃ ប្រព័ន្ធខែលប្រឆាំងមីស៊ីល S-300 ហើយដែលហេតុការណ៍នេះកើតឡើងកំលុងការបាញ់ស្រោចមីស៊ីលសាជាថ្មីរបស់រុស្ស៉ីលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២។

ប្រធានយោធាបេឡារុសប្រចាំតំបន់ប្រេស (Brest) ស្ថិតនៅភាគនីរតីនៃប្រទេស លោក អូឡិច កូណូវ៉ាឡូវ (Oleg Konovalov) បានបង្ហោះវីដេអូមួយបង្ហាញពីការបាញ់ទម្លាក់មីស៊ីល នៅលើបណ្ដាញទំនាក់ទំនងសង្គម ហើយលោកក៏បានរំឮកឡើងវិញផងដែរពីឧបទ្ទវហេតុដូចគ្នានេះបានកើតឡើងកាលពីខែវិច្ឆិកាកន្លងទៅ នៅពេលមីស៊ីលមួយគ្រាប់ដែលត្រូវបានគេ ជឿជាក់ថាជាមីស៊ីលបាញ់ចេញពីប្រព័ន្ធខែលប្រឆាំងមីស៊ីល S-300 របស់អ៊ុយក្រែន នៅក្នុងការបាញ់ស្កាត់ការបាញ់ស្រោចមីស៊ីលពីសំណាក់រុស្ស៉ី ធ្លាក់នៅលើទឹកដីប៉ូឡូញ។

ជុំវិញឧទ្ទវហេតុនេះដែរ ខាងអ្នកនាំពាក្យម្នាក់របស់យោធាអ៊ុយក្រែនបានទទួលស្គាល់ថា នោះពិតជាមីស៊ីលរបស់អ៊ុយក្រែនមែន តែថាវាជារឿងចៃដន្យដែលកើតឡើងកំឡុងការបាញ់ ស្ទាក់ចាប់មីស៊ីលរុស្ស៉ី។ រុស្ស៉ីកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាញ់ស្រោចមីស៊ីលជាង ១០០គ្រាប់លើទីក្រុងជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ថា រុស្ស៉ី និងអ៊ុយក្រែន សុទ្ធតែមានប្រព័ន្ធខែលប្រឆាំងមីស៊ីល S-300 ផលិតឡើងក្នុងសម័យសូវៀត ហើយបើតាមបេឡារុស មីស៊ីលមួយគ្រាប់ខាងលើដែលត្រូវបានបាញ់ ទម្លាក់ បានធ្លាក់នៅទីវាលមួយ ក្បែរភូមិ ហាបាឆា (Harbacha) ក្នុងតំបន់ប្រ៊េស (Brest) ស្ថិតនៅចម្ងាយត្រឹម១៥គីឡូម៉ែត្រ ប៉ុណ្ណោះពីព្រំដែនអ៊ុយក្រែន៕