(វ៉ាស៊ីនតោន)៖ ឆ្នាំ២០២២ ត្រូវបានគេមើលឃើញថាជាឆ្នាំមួយដែលមានព្រឹត្តិការណ៍ធំៗជាច្រើនបានកើតឡើង ក្នុងនោះរួមមានទាំងព្រឹត្តិការណ៍នយោបាយដែលបានធ្វើឱ្យ នយោបាយសកលលោកប្រែប្រួលឈានដល់ចំណុចរបត់ថ្មីមួយ ដែលក្រុមអ្នកជំនាញខ្លះអះអាងថាជាការបិទបញ្ចប់យុគសម័យមួយ ហើយជាការចាប់ផ្ដើមនៃយុគសម័យថ្មី មួយផ្សេងទៀត។



ខាងក្រោមនេះជាព្រឹត្តិការណ៍ពិភពលោកធំៗប្រចាំ២០២២៖

* សង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន
នៅថ្ងៃទី២៤ ខែកុម្ភៈ ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៉ីបើកការវាយប្រហារលើអ៊ុយក្រែន នៅក្រោមក្របខណ្ឌនៃការធ្វើប្រតិបត្តិការយោធាពិសេស។ ប៉ុន្តែ អ៊ុយក្រែន សហរដ្ឋអាមេរិក រួមទាំងបណ្ដាប្រទេសលោកខាងលិចបានថ្កោលទោស និងចាត់ទុកថានេះជាសង្រ្គាមឈ្លានពាន។ សង្រ្គាមនៅអ៊ុយក្រែនដែលត្រូវបានគេរំពឹងថាបន្ត អូសបន្លាយចូលដល់ឆ្នាំ២០២៣ បានបង្កវិបត្តិជនភៀសខ្លួន ហើយត្រូវបានគេចាត់ទុកថាជាសង្រ្គាមធំបំផុតមិនធ្លាប់មាននៅក្នុងតំបន់អឺរ៉ុប ចាប់តាំងពីសម័យសង្រ្គាមលោកលើកទី២ មក។

* ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន
នៅខែសីហា ឆ្នាំ២០២២ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បានដឹកនាំប្រតិភូមួយក្រុមបំពេញដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ដែលនេះធ្វើឱ្យ លោកស្រីក្លាយជាប្រធានសភាតំណាងរាស្ត្រអាមេរិកដំបូងបំផុតដែលបានជាន់ដីតៃវ៉ាន់​ ក្នុងរយៈពេលជាង២៥ឆ្នាំមកនេះ។ ដំណើរទស្សនកិច្ចនេះបានបង្កការខឹងសម្បារយ៉ាងខ្លាំងដល់ ចិន ដែលបានដឹកនាំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំឡោមព័ទ្ធកោះតៃវ៉ាន់។

* តុលាការកំពូលអាមេរិកលុបចោលច្បាប់អនុញ្ញាតឱ្យស្ត្រីមានសិទ្ធិរំលូតកូន
នៅថ្ងៃទី២៤ ខែមិថុនា តុលាការកំពូលអាមេរិកបានសម្រេចចិត្តលុបចោលច្បាប់អនុញ្ញាតឱ្យស្ត្រីអាមេរិកមានសិទ្ធិរំលូតកូន ឬគេស្គាល់ថាច្បាប់ Roe v. Wade ដោយបង្ក ឱ្យមានការរិះគន់លាយឡំជាមួយការថ្កោលទោសយ៉ាងខ្លាំងនៅក្នុងចំណោមប្រទេសលោកខាងលិច។

* បាតុកម្មនៅអ៉ីរ៉ង់
បាតុកម្មបានផ្ទុះឡើងនៅទូទាំងប្រទេសអ៉ីរ៉ង់នៅខែកញ្ញា ក្រោយស្ត្រីវ័យក្មេងម្នាក់អាយុ២២ឆ្នាំ មានឈ្មោះថា Mahsa Amini បានស្លាប់នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស ក្រោយរូបនាង ត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់ថាស្លៀកសម្លៀកបំពាក់មិនសមរម្យ។ បើតាមរដ្ឋាភិបាលអ៉ីរ៉ង់ គិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ មនុស្សយ៉ាងហោច៣០០នាក់បានស្លាប់ តែ ក្រុមអង្គការសិទ្ធិមនុស្សនៅក្នុងប្រទេសអ៉ីរ៉ង់ បានអះអាងថាមនុស្សយ៉ាងហោច ៤៤៨នាក់បានស្លាប់ ក្នុងនោះមានស្ត្រី២៩នាក់ និងកុមារ៦០នាក់ គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ខណៈ ក្រុមបាតុករនៅតែបន្តធ្វើបាតុកម្មតវ៉ា។

* ការផ្ទុះឡើងនូវជំងឺអុតស្វា
ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២២ អង្គការសុខភាពពិភពលោក WHO បានរាយការណ៍ពីករណីឆ្លងជំងឺអុតស្វា នៅក្នុងប្រទេសចំនួន១១០ ហើយគិតត្រឹមខែធ្នូនេះ ករណីឆ្លងជំងឺ អុតស្វាមាន ៨២,៨២៨ករណី។ អង្គការ WHO ដោយព្រួយបារម្ភពីការរើសអើងចំពោះសត្វស្វា បានប្ដូរឈ្មោះជំងឺអុតស្វា នៅក្នុងភាសាអង់គ្លេសពី Monkeypox ទៅជា Mpox វិញ។

* ការបន្ធូរបន្ថយការរឹតត្បិតប្រឆាំងកូវីដ១៩
នៅខែកញ្ញា ឆ្នាំ២០២២ ប្រមុខអង្គការសុខភាពពិភពលោកប្រកាសថាកូវីដ១៩ កំពុងឆ្ពោះទៅរកទីបញ្ចប់ជាមួយការរំពឹងថាជំងឺនេះអាចនឹងលែងជា​ភាពអាសន្នសុខា​ភិបាល នៅឆ្នាំ២០២៣។ ប្រទេសជាច្រើនបានបើកព្រំដែនឡើងវិញ និងបន្ធូរបន្ថយវិធានការរឹតត្បិតកូវីដ១៩ ដែលបានដាក់ចេញចាប់តាំងពីឆ្នាំ២០២០មក។

* វិបត្តិថាមពល និងអតិផរណា
សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលជំរុញឱ្យមានការដាក់ទណ្ឌកម្មពីសំណាក់បណ្ដាប្រទេសលោកខាងលិច បានធ្វើឱ្យតម្លៃប្រេង និងឧស្ម័នកើនឡើងខ្ពស់ ដោយបង្កឱ្យ ប្រទេសនៅជុំវិញពិភពលោកជួបប្រទះអតិផរណា ក្នុងនោះដូចជាប្រទេសស្រីង្កាបានប្រកាសក្ស័យធន។

* កូរ៉េខាងជើងធ្វើតេស្ដមីស៊ីលរំលងប្រទេសជប៉ុន
នៅដើមខែតុលា ឆ្នាំ២០២២ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM មួយគ្រាប់ហោះរំលងប្រទេសជប៉ុនជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក។ បើតាម យោធាកូរ៉េខាងត្បូង មីស៊ីលបាលិស្ទីគអន្តរទ្វីបនេះ ហោះបានចម្ងាយ ៤,៥០០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

* អតីតមេដឹកនាំ-មនុស្សល្បីល្បាញទទួលមរណភាព និងត្រូវបានគេធ្វើឃាត
អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ត្រូវបានខ្មាន់កាំភ្លើងម្នាក់បាញ់ប្រហារនៅពេលកំពុងថ្លែងសារ ក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតក្នុងទីក្រុងណារ៉ា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។ លោកត្រូវបានគេប្រកាសថាបានទទួលមរណភាពថ្ងៃដដែល នៅឯមន្ទីរពេទ្យ។

ម្ចាស់ក្សត្រីយ៍អេលីហ្សាប៊ែតទី២ បានសោយទិវង្គតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅព្រះជន្ម៩៦ព្រះវស្សា។

អតីតប្រធានាធិបតីចិន លោក ជាំង ហ្សេមីន (Jiang Zemin) ទទួលមរណភាពនៅអាយុ៩៦ឆ្នាំ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

អតីតប្រធានាធិបតីសហភាពសូវៀត លោក មីកាអែល ហ្គ័របាឆេវ (Mikhail Gorbachev) ទទួលមរណភាពនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅអាយុ៩១ឆ្នាំ។

* ការបាញ់ និងចាក់សម្លាប់មនុស្សយ៉ាងរង្គាលនៅក្នុងប្រទេសថៃ
នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បុរសជាខ្មាន់កាំភ្លើងម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារ និងចាក់សម្លាប់មនុស្សយ៉ាងហោច ៣៤នាក់ ដែលក្នុងនោះមានកុមារដល់ទៅ២៣នាក់ នៅឯ មណ្ឌលថែទាំងក្មេង ក្នុងស្រុកណាក្លាង (Na Klang) នៃខេត្តណងបួលាំភូ (Nong Bua Lamphu)។ ក្រោយប្រព្រឹត្តិទង្វើដ៏សាហាវយង់ឃ្នងនេះ ជននេះបានបាញ់សម្លាប់ប្រពន្ធ និងកូននៅឯផ្ទះ រួចទើបបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។

* ជំនួបរវាងលោក ស៊ី ជិនពីង និងលោក ចូ បៃដិន
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន និងលោកប្រធានាធិបតីចិន ស៊ី ជិនពីង បានជួបមុខគ្នាដោយផ្ទាល់ជាលើកដំបូងបំផុតចាប់តាំងពីលោក បៃដិន ឡើងស្បថចូលកាន់តំណែងជាប្រធានាធិបតីកាលពីខែមករា ឆ្នាំ២០២១មក នាឱកាសដែលមេដឹកនាំនៃប្រទេសទាំង២ ចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

* កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន
នៅខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រព្រឹត្តិទៅក្នុងជំនួបទល់មុខដោយផ្ទាល់លើកដំបូងបំផុតរវាងមេដឹកនាំនានា ចាប់តាំងពីផ្ទុះការឆ្លងរាតត្បាតជំងឺកូវីដ១៩។

* លោក ហ្សេលេនស្គី ត្រូវបានជ្រើសរើស «ជាបុគ្គលប្រចាំឆ្នាំ»
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវបានតែងតាំងជា «បុគ្គលប្រចាំឆ្នាំ២០២២ ឬ Person of theYear» ដោយទស្សនាវដ្ដីអាមេរិក TIME នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។

* លោក ហ្សេលេនស្គី បំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ លោក ហ្សេលេនស្គី បានបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដែលជាដំណើរទស្សនកិច្ចរបស់លោក​នៅក្រៅប្រទេសជាលើក​ដំបូងចាប់តាំងពី សង្រ្គាមផ្ទុះឡើង។ នៅទីនោះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានថ្លែងសុន្ទរកថាទៅកាន់សភាអាមេរិក និងជួបពិភាក្សាជាមួយលោក ចូ បៃដិន ដែលបានប្រកាសផ្ដល់ជំនួយបន្ថែមឱ្យ ទីក្រុងកៀវ ក្នុងនោះមានទាំងប្រព័ន្ធខែលប្រឆាំងមីស៊ីលប៉ាទ្រីយ៉ូត (Patriot)។

* ជប៉ុនបញ្ចេញយុទ្ធសាស្ត្រសន្តិសុខជាតិថ្មី
កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២២ រដ្ឋាភិបាលជប៉ុនរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអុ គីស៊ីដា បានបញ្ចេញ «យុទ្ធសាស្ត្រសន្តិសុខជាតិថ្មី» ហើយនៅថ្ងៃទី២៣ ខែធ្នូដដែល ទីក្រុងតូក្យូ បានប្រកាសពីការបង្កើនកញ្ចប់ថវិកាយោធាបំបែកកំណត់ត្រាថ្មីមួយដល់ទៅ ៣២៣ពាន់លានដុល្លារសម្រាប់រយៈពេល៥ឆ្នាំ។ នេះជាការផ្លាស់ប្ដូរមួយដ៏ធំមិនធ្លាប់មានក្នុង វិស័យយោធាជប៉ុន ចាប់តាំងពីចាញ់ក្នុងសង្រ្គាមលោកលើកទី២មក ហើយក្រុមអ្នកជំនាញជឿថាការកើនឡើងនៃ​ការគំរាមកំហែងពីកូរ៉េខាងជើង ការកើនឡើងឥទ្ធិពលចិន និងសង្រ្គាម ឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន គឺជាមូលហេតុនៅពីក្រោយការផ្លាស់ប្ដូរនេះ៕