(សេអ៊ូល)៖ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូនេះថា មនុស្ស៥នាក់បានស្លាប់ និង ៣៧នាក់ផ្សេងទៀតបានរងរបួស នៅក្នុងអគ្គិភ័យដែលបានឆាបឆេះរូងក្រោមដី តាមបណ្តោយផ្លូវល្បឿនលឿនក្នុងទីក្រុង Gwacheon ភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល។

អគ្គីភ័យបានឆាបឆេះនៅម៉ោងប្រហែល ១:៤៩រសៀល ម៉ោងក្នុងស្រុក បន្ទាប់ពីឧបទ្ទវហេតុបុកគ្នារវាងរថយន្តក្រុងដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ ដែលបង្ករឲ្យមានការឆាបឆេះ និងរាលដាលអណ្តាតភ្លើងទៅកាន់ផ្លូវរូងក្រោមដី តាមបណ្តោយផ្លូវល្បឿនលឿន Gyeongin។

មនុស្ស​៥​នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​រថយន្ត​ដែល​បុក​គ្នា​។​ ចំនួន​អ្នក​ស្លាប់​ដំបូង​មាន​ចំនួន​៦​នាក់ ប៉ុន្តែ​ត្រូវ​បាន​កែសម្រួល​មក​នៅ​ត្រឹម​៥​នាក់​នៅ​ពេល​ក្រោយ​។

បីនាក់ផ្សេងទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលបន្សល់ទុកលទ្ធភាពនៃការស្លាប់បន្ថែម ខណៈដែលមនុស្ស៣៤នាក់បានរងរបួសស្រាល បន្ទាប់ពីស្រូបផ្សែង៕