(ម៉ានីល)៖ រដ្ឋាភិបាលទីក្រុងម៉ានីល បានប្រកាសឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ហ្វីលីពីននិងចិនបានយល់ព្រមបង្កើតច្រកទាក់ទងគ្នាដោយផ្ទាល់ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីបញ្ចៀស «ការគណនាខុស» និង «ការធ្វើទំនាក់ទំនងខុស» ណាមួយ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលមានបញ្ហាវិវាទក្តៅគគុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២។
លោក នៀល អ៉ីមភើរៀល (Neal Imperial) មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៉ី-ប៉ាស៉ីហ្វិករបស់ហ្វីលីពីន បានលើកឡើងថា ដើម្បីបញ្ចៀសការគណនាខុស និងការធ្វើទំនាក់ទំនងខុសណាមួយ នៅតំបន់សមុទ្រចិនខាងត្បូង ភាគីទាំងពីរបានឯកភាព ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលសំដៅបង្កើតមធ្យោបាយទាក់ទងគ្នាដោយផ្ទាល់ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅក្នុងកម្រិតផ្សេងៗគ្នា។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើ នឹងត្រូវចុះហត្ថលេខានៅសប្តាហ៍ក្រោយ កំលុងដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀរ (Ferdinand Marcos Jr.) ទៅកាន់រដ្ឋធានីប៉េកាំង ជាទីដែលរូបលោក នឹងត្រូវជួបពិភាក្សាជាមួយសមភាគីចិន គឺលោក ស៉ី ជិនពីង។ កិច្ចព្រមព្រៀងទ្វេភាគីសរុបចំនួន១៤ ត្រូវគេរំពឹងថានឹងត្រូវចុះហត្ថលេខា កំលុងការបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ របស់លោក ម៉ាកូស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៥ ខែមករា ឆ្នាំ២០២៣៕