(កៀវ)៖ សំឡេងប្រកាសអាសន្ន អំពីការវាយប្រហារតាមផ្លូវអាកាស ត្រូវបានបន្លឺឡើងនៅទូទាំងអ៊ុយក្រែន ក្នុងថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលកងកម្លាំងរុស្ស៉ី ទើបតែបើកការវាយប្រហារដោយមីស៉ីលជាង ១០០គ្រាប់ទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២។
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក អូឡិចស៉ី អារេស្តូវិច (Oleksiy Arestovych) បានបង្ហោះសារលើ Facebook ថា រុស្ស៉ីបានបាញ់ស្រោចមីស៉ីល ប៉ុន្មានលើកបន្តបន្ទាប់គ្នា ខណៈបើសរុបចំនួនមីស៉ីលដែលរុស្ស៉ីបានប្រើប្រាស់ ក្នុងការវាយប្រហារកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ គឺប្រហែលជាង ១០០គ្រាប់។
កំលុងការវាយប្រហារនោះ សំឡេងផ្ទុះត្រូវបានគេលឺ នៅតាមទីក្រុងមួយចំនួនរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវផងដែរ។ អភិបាលទីក្រុងកៀវ បានអះអាងថា ការវាយប្រហារមីស៉ីលរបស់រុស្ស៉ី បានបណ្តាលឱ្យមនុស្សមួយចំនួនទទួលរងរបួស ខណៈអភិបាលនៅទីក្រុងលីវ (Liv) បាននិយាយថា មួយផ្នែកធំនៃទីក្រុង បានបាត់បង់ថាមពលអគ្គិសនី។
គួរបញ្ជាក់ថា ការបាញ់ស្រោចមីស៉ីលថ្មីចុងក្រោយនេះកើតមានឡើង បន្ទាប់ពីវិមានក្រឹមឡាំងបានច្រានចោល ផែនការសន្តិភាព១០ចំណុច របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលមានគោលដៅកំណត់ឱ្យ រុស្ស៉ីគោរពបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយដកទ័ពចេញទៅវិញទាំងអស់។ កាលពីថ្ងៃពុធ ទីក្រុងមូស្គូប្រកាសទាត់ចោលផែនការនេះ ដោយទទូចឱ្យអ៊ុយក្រែនទទួលស្គាល់តំបន់ចំនួន៤ គឺដូណេត និងលូហាន នៅភាគខាងកើត ព្រមទាំងខឺសុននិងហ្សាប៉ូរិចហ្ស៉ីយ៉ា នៅភាគខាងត្បូង ដែលរុស្ស៉ីបានកាត់បញ្ចូល ជាឧបសម្ពន្ធរបស់ខ្លួន៕