(បរទេស)៖ សោកនាដកម្មមនុស្សសង្កត់ជាន់គ្នាដ៏គួរឱ្យតក់ស្លុតខ្លាំងចំនួន២ បានកើតឡើងក្នុងឆ្នាំ២០២២នេះ គឺហេតុការណ៍កុបកម្មក្នុងកីឡដ្ឋានបាល់ទាត់ នៅប្រទេសឥណ្ឌូណេស៉ី កាលពីដើមខែតុលា ហើយនិងការអបអរបុណ្យហាឡូវីន (Halloween) ក្នុងប្រទេសកូរ៉េខាងត្បូង កាលពីចុងខែដដែលនោះ។

* ហេតុការណ៍មនុស្សរត់ជាន់គ្នាស្លាប់ នៅឥណ្ឌូណេស៉ី

ហេតុការណ៍មនុស្សរត់ជាន់គ្នាស្លាប់ចំនួនយ៉ាងហោច ១៣៥នាក់ នៅឥណ្ឌូណេស៉ី បានកើតឡើងកាលពីយប់ថ្ងៃ១ ខែតុលា នៅពេលក្រុមអ្នកគាំទ្របាននាំគ្នាចូលអុកឡុកទីលានបាល់ទាត់ ក្រោយចប់ការប្រកួតមួយដែលប្រព្រឹត្តទៅ នៅកីឡដ្ឋានកាន់ជូរូហាន់ (Kanjuruhan) ក្នុងទីក្រុងម៉ាឡាង (Malang) នៃខេត្តជ្វាខាងកើត ហើយត្រូវ​កងកម្លាំងប៉ូលិសរក្សាសន្តិសុខ បាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបង្រ្កាប។ ក្រៅពីនេះ មនុស្សប្រហែល៥៨៣នាក់ផ្សេងទៀត បានទទួលរងរបួស។ វាគឺជាហេតុការណ៍សោកនាដកម្មដែល​មានមនុស្សស្លាប់ច្រើនបំផុតទី២ ក្នុងប្រវត្តិសាស្រ្តកីឡាបាល់ទាត់នៅលើពិភពលោក បន្ទាប់ពីមហន្តរាយនៅកីឡដ្ឋាន អេស្តាឌីអូ ណាសិនណាល់ (Estadio Nacional) ក្នុងប្រទេសប៉េរូ កាលពីឆ្នាំ១៩៦៤ ដែលបានផ្តាច់ជីវិតមនុស្ស៣២៨នាក់ ក្នុងស្ថានភាពស្រដៀងគ្នា។

* ហេតុការណ៍មនុស្សសង្កត់ជាន់លើគ្នាស្លាប់ នៅកូរ៉េខាងត្បូង

នៅយប់ថ្ងៃទី២៩ ខែតុលា ហេតុការណ៍សង្កត់ជាន់លើគ្នាស្លាប់យ៉ាងរង្គាល បានកើតឡើងកំលុងពេលមនុស្សក្នុងចំនួនច្រើនជាទីបំផុត បានទៅប្រមូលផ្តុំណែនតាន់តាប់ ក្នុងសង្កាត់អ៉ីតែវ៉ុន (Itaewon) នៃរដ្ឋធានីសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង ដើម្បីអបអរឱកាស​បុណ្យ Halloween ដែលជាលើកដំបូងគិតចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ១៩។ បើតាមការប៉ាន់ស្មាន មនុស្សរហូតដល់ជាង១០០,០០០នាក់ មានវត្តមាននៅសង្កត់អ៉ីតែវ៉ុន នាពេលនោះ។ តួលេខនៃអ្នកស្លាប់ក្នុងហេតុការណ៍គឺ ១៥៨នាក់ និងរបួស១៩៦នាក់ ដោយភាគច្រើនគឺជា អ្នកមានវ័យក្រោម៣០ឆ្នាំ។ វាគឺជា​គ្រោះមហន្តរាយដែលសម្លាប់មនុស្សច្រើនបំផុតនៅកូរ៉េខាងត្បូង គិតចាប់តាំងពីហេតុការណ៍លិចសាឡាង MV Sewol កាលពីឆ្នាំ២០១៤ ដែលមានមនុស្ស៣០៦នាក់ស្លាប់ ភាគច្រើនជាសិស្សសាលា៕