(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតឺរេស (Antonio Guterres) កាលពីថ្ងៃពុធសប្តាហ៍នេះ បានសេចក្តីអំពាវនាវដល់បណ្តាប្រទេសទាំងអស់ ឱ្យតម្កល់ទុកសន្តិភាពជាស្នូល នៅក្នុងពាក្យសម្តីក៏ដូចជាសកម្មភាពនានារបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២។
ក្នុងសារវីដេអូរបស់លោកសម្រាប់ឆ្នាំថ្មី២០២៣ លោក ហ្គូតឺរេស បានថ្លែងយ៉ាងដូច្នេះថា «នៅក្នុងឆ្នាំ២០២៣ ចូរយើងទាំងអស់គ្នាតម្កល់សន្តិភាពឱ្យនៅចំកណ្តាល នៃពាក្យសម្តីនិងសកម្មភាពទាំងឡាយរបស់យើង។ នៅឆ្នាំ២០២៣ យើងត្រូវការសន្តិភាពជាងពេលណាៗទាំងអស់។ ចូរបង្កើតសន្តិភាពជាមួយគ្នា តាមរយៈកិច្ចសន្ទនាដើម្បីបញ្ចប់ជម្លោះ។ ចូរបង្កើតសន្តិភាពជាមួយធម្មជាតិ និងអាកាសធាតុរបស់យើង ដើម្បីកសាងពិភពលោកដែលប្រកបដោយនិរន្តរភាពជាងមុន»។
អគ្គលេខាធិការ UN រូបនេះបានបន្តថា នៅក្នុងគ្រួសារនិងផ្ទះសម្បែងក៏ត្រូវការសន្តិភាពដែរ ដើម្បីឱ្យស្រ្តីនិងក្មេងស្រីៗអាចរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរនិងសុវត្ថិភាព ហើយបន្ថែមពីនេះគឺសន្តិភាពនៅតាមដងផ្លូវ ដែលជារឿយៗបានមើលឃើញ ការប្រើប្រាស់អំពើហិង្សាដោយកងកម្លាំងសន្តិសុខប្រឆាំង នឹងក្រុមអ្នកតវ៉ាដែលធ្វើបាតុកម្មដោយសន្តិវិធី។
ជាចុងក្រោយ លោកប្រមុខអង្គការសហប្រជាជាតិ បានលើកឡើងថា «ទាំងអស់គ្នា ចូរពួកយើងធ្វើឱ្យឆ្នាំ២០២៣ ក្លាយជាឆ្នាំមួយ ដែលសន្តិភាពត្រូវបានស្តារមកវិញសម្រាប់ជីវិតរស់នៅ ផ្ទះសម្បែង និងពិភពលោករបស់យើង»៕