(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានអនុម័តហើយលើការលក់ប្រព័ន្ធដាក់ពង្រាយមីនប្រឆាំងរថក្រោះ Volcano ឱ្យកោះតៃវ៉ាន់ ក្នុងតម្លៃ១៨០លានដុល្លារ នៅចំពោះមុខ ភាពតានតឹងនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមមន្ទីរបញ្ចកោណ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២។
នៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក ស្ថាប័នពាក់ព័ន្ធត្រូវជូនដំណឹងដល់សភាទាំង២ ពីផែនការលក់អាវុធ ហើយរហូតទាល់តែមានការយល់ព្រមពីសភា ទើបក្រសួងការបរទេស និងមន្ទីរបញ្ចកោណអាចដំណើរការការលក់អាវុធ។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ក្រុមហ៊ុន Northrop Grumman និងក្រុមហ៊ុន Oshkosh Corporation ជាបេក្ខជន មានសក្ដានុពលខ្ពស់ដែលអាចនឹងទទួលបានកិច្ចសន្យាលក់ប្រព័ន្ធអាវុធប្រឆាំងរថក្រោះឱ្យតៃវ៉ាន់។
គួរបញ្ជាក់ថា ព័ត៌មានពីការលក់ប្រព័ន្ធដាក់ពង្រាយមីនប្រឆាំងរថក្រោះ Volcano កើតឡើងមានចំពេលចិននៅតែបន្តបង្កើនការដាក់សម្ពាធការទូត ព្រមទាំងសេដ្ឋកិច្ចលើតៃវ៉ាន់ ក៏ដូចជា ការធ្វើសកម្មភាពយោធានៅក្បែរដែនកោះមួយនេះ ជាញឹកញប់ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ៕