(មីត្រូវីកា)៖ សហរដ្ឋអាមេរិក បក្សសម្ព័ន្ធយោធា NATO ​និងសហភាពអឺរ៉ុប បានជំរុញឱ្យមានការអត់ធ្មត់ជាអតិបរមា នៅក្នុងតំបន់ខាងជើងសាធារណរដ្ឋកូសូវ៉ូ នៅចំពោះមុខការបិទ ព្រំដែន និងភាពតានតឹងជាមួយជនជាតិដើមស៊ែរប៊ី ជុំវិញឯករាជ្យភាពកូសូវ៉ូកាលពីឆ្នាំ២០០៨។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២។

អស់រយៈពេលជាង២០ឆ្នាំមកហើយ ដែលកូសូវ៉ូនៅតែជាប្រភពនៃភាពតានតឹងរវាងលោកខាងលិចដែលគាំទ្រឯករាជ្យភាពរបស់កូសូវ៉ូ និងរុស្ស៉ីដែលគាំទ្រស៊ែរប៊ី ក្នុងកិច្ចខិតខំ ប្រឹងប្រែងរារាំងមិនឱ្យកូសូវ៉ូក្លាយជាសមាជិកស្ថាប័នអន្តរជាតិកំពូលៗដូចជាអង្គការសហប្រជាជាតិជាដើម។ នៅក្នុងសេចក្ដីថ្លែងការណ៍រួម សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់មានការអត់ធ្មត់ជាអតិបរមា និងចាត់វិធានការសកម្មភាពភ្លាមៗដោយគ្មានលក្ខខណ្ឌដើម្បីបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាបញ្ចៀសឱ្យបាននូវរាល់ ទង្វើបង្កហេតុ ការគំរាមកំហែង និងការសម្លុតគំរាម។ ចំណែកឯ បេសកកម្ម NATO នៅកូសូវ៉ូ ឬហៅកាត់ថា KFOR ក៏បានកត់សម្គាល់ដែរថាខ្លួនគាំទ្រកិច្ចសន្ទនារវាងគ្រប់ភាគី ក្នុងការបន្ធូរបន្ថយភាពតានតឹង។

គួរបញ្ជាក់ថា ស៊ែរប៊ីដែលមានរុស្ស៉ីជាខ្នងបង្អែក បានប្រកាសដាក់កងទ័ពរបស់ខ្លួនក្នុងស្ថានភាពប្រុងជើងការខ្ពស់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ ហើយក្នុងពេលជាមួយគ្នា ទីក្រុងមូស្គូបានច្រានចោលការចោទប្រកាន់របស់កូសូវ៉ូដែលថាខ្លួនដាក់សម្ពាធឱ្យស៊ែរប៊ីបង្កអស្ថិរភាព ដោយអះអាងថាអាជ្ញាធរស៊ែរប៊ី កំពុងធ្វើសកម្មភាពការពារសិទ្ធិជនជាតិដើម ស៊ែរប៊ីតែប៉ុណ្ណោះ។ ក្នុងពេលបច្ចុប្បន្ន ជនជាតិដើមស៊ែរប៊ីប្រហែលជា ៥០,០០០នាក់ ដែលកំពុងរស់នៅក្នុងតំបន់ភាគខាងជើងរបស់កូសូវ៉ូ បានបដិសេធទទួលស្គាល់រដ្ឋាភិបាលទីក្រុង ព្រីស្ទីណា (Pristina) ឬក៏ចាត់ទុកកូសូវ៉ូជារដ្ឋឯករាជ្យមួយនោះទេ៕