(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសចាត់ទុកប្រទេសរបស់លោកជា «មេដឹកនាំពិភពលោកមួយ» នៅក្នុងសុន្ទរកថាទៅកាន់សភាជាតិ កាលពីថ្ងៃពុធសប្ដាហ៍នេះ ជាមួយការអំពាវនាវឱ្យសមាជិកសភាទាំងអស់បន្តរួបរួមគ្នាដើម្បីតតាំងនឹងការឈ្លានពានពីសំណាក់រុស្ស៉ី និងបានកោតសរសើរប្រជាជនអ៊ុយក្រែនដែលបាន ជួយឱ្យលោកខាងលិចត្រឡប់មកធ្វើជាខ្លួនឯងវិញសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងសុន្ទរកថាប្រចាំឆ្នាំមួយដែលរៀបចំឡើងដោយបិទទ្វារដោយសារសង្រ្គាមឈ្លានពានរបស់រុស្ស៉ី លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថាការតស៊ូរបស់យោធាអ៊ុយក្រែនប្រឆាំងនឹង វិមានក្រឹមឡាំង បានផ្ដល់ថាមពលសាជាថ្មីដល់ភាពជឿជាក់លើគុណតម្លៃនៅទូទាំងពិភពលោក។ ប្រធានាធិបតីរូបនេះបានបន្ថែមដូច្នេះថា «អ៊ុយក្រែនបានក្លាយជា មេដឹកនាំពិភពលោកមួយក្នុងចំណោមមេដឹកនាំពិភពលោកដទៃទៀត... ក្នុងរយៈពេលជាង១០ខែមកនេះ យើងបានជួយដល់មនុស្សគ្រប់គ្នា។ យើងបានជួយលោកខាងលិចឱ្យ ត្រឡប់មកធ្វើជាខ្លួនឯងវិញសាជាថ្មី ត្រឡប់មកកាន់ឆាកអន្តរជាតិ ហើយធ្វើឱ្យលោកខាងលិចជឿជាក់លើជ័យជម្នះ។ គ្មាននរណាម្នាក់នៅក្នុងលោកខាងលិចភ័យខា្លច ហើយពួកគេ ក៏មិនភ័យខ្លាចរុស្ស៉ីនោះដែរ»

បន្ថែមពីលើនេះ លោក ហ្សេលេនស្គី ក៏បានអរគុណផងដែរដល់សម្ព័ន្ធមិត្តលោកខាងលិចដែលបានផ្ដល់អាវុធឱ្យអ៊ុយក្រែន អមជាមួយការប្ដេជ្ញាថានឹងពង្រឹងឧស្សាហកម្មអាវុធ នៅក្នុងស្រុកឱ្យដែលក្លាយជាឧស្សហកម្មមួយដ៏មានឥទ្ធិពលបំផុតក្នុងតំបន់អឺរ៉ុប និងនៅលើពិភពលោក៕