(មូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃពុធសប្ដាហ៍នេះបានច្រានចោលផែនការសន្តិភាព១០ចំណុចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សលេនស្គី ដោយនិយាយថាសំណើដើម្បីបញ្ចប់ សង្រ្គាមនៅអ៊ុយក្រែន ត្រូវតែគិតគូពីការពិតជាក់ស្ដែងសព្វថ្ងៃ ពាក់ព័ន្ធនឹងទឹកដីអ៊ុយក្រែនចំនួន៤តំបន់ ដែលទីក្រុងមូស្គូកាត់បញ្ចូលក្នុងឧបសម្ព័ន្ធរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានគូសបញ្ជាក់ដូច្នេះថា «វានឹងមិនមានឡើយផែនការសន្តិសុខនៅអ៊ុយក្រែន ប្រសិនបើមិនមានការ ទទួលស្គាល់ការពិតសព្វថ្ងៃពាក់ព័ន្ធនឹងទឹកដីរុស្ស៉ី នោះគឺការចូលរួមរបស់តំបន់ទាំង៤ ជាមួយរុស្ស៉ី។ ផែនការដែលមិនទទួលយកការពិតទាំងនេះ នឹងមិនអាចមានសន្តិភាពនោះទេ»

រុស្ស៉ីប្រកាសកាត់បញ្ចូលតំបន់អ៊ុយក្រែនចំនួន៤ ទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន ក្នុងនោះរួមមានតំបន់ ដូណេត (Donetsk) លូហាន (Luhansk) ខឺសុន ( Kherson) និងតំបន់ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) កាលពីខែកញ្ញាកន្លងទៅ បន្ទាប់ពីការបោះឆ្នោតប្រជាមតិមួយដែលបណ្ដាប្រទេសលោកខាងលិចថ្កោលទោស និងចាត់ទុកថាជាទង្វើខុសច្បាប់។

គួរបញ្ជាក់ថា មកទល់នឹងបច្ចុប្បន្ន រុស្ស៉ីមិនទាន់អាចគ្រប់គ្រងតំបន់ទាំង៤ខាងលើ ទាំងស្រុងនោះទេ។ រីឯ លោក ហ្សេលេនស្គី បានប្រកាសពីផែនការសន្តិភាព ១០ចំណុច ជាលើកដំបូង កាលពីខែវិច្ឆិកាកន្លងទៅ ហើយផែនការសន្តិភាពនេះមានទាំងការដកកងទ័ពរុស្ស៉ីចេញពីទឹកដីអ៊ុយក្រែនដែលត្រូវបានអន្តរជាតិទទួលស្គាល់។ បានន័យថារុស្ស៉ីត្រូវតែប្រគល់ឱ្យអ៊ុយក្រែន វិញនូវតំបន់ទាំង៤ និងតំបន់គ្រីមៀដែលរុស្ស៉ីក្រសោបយកកាលពីឆ្នាំ២០១៤។ វិមានក្រឹមឡាំង បានលើកឡើងម្ដងហើយម្ដងទៀតថាខ្លួនបើកចំហជានិច្ចចំពោះកិច្ចចរចាជាមួយអ៊ុយក្រែន តែថាមើលមិនឃើញពីឆន្ទៈចង់ចរចាពីភាគីអ៊ុយក្រែនទាល់តែសោះ៕