(ហ្សេរុយសាឡឹម)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក បេននី ហ្កាន់ (Benny Gantz) បាននិយាយថាអ៉ីស្រាអែលអាចនឹងបើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរ នៅលើទឹកដីអ៉ីរ៉ង់ ក្នុងរយៈពេល ២ ទៅ៣ឆ្នាំខាងមុខ ហើយនេះជាការធ្វើអត្ថាធិប្បាយដ៏កម្រមួយអំពីកាលបរិច្ឆេទនៃការវាយប្រហារដែលអាចទៅរួច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២។

ខណៈកិច្ចប្រឹងប្រែងស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ កំពុងជាប់គាំង អ៉ីរ៉ង់ត្រូវបានគេរាយការណ៍ថាបានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដែលអាចគ្រប់គ្រាន់ក្នុងការផលិត គ្រាប់បែកនុយក្លេអ៊ែរ។ ថ្លែងសុន្ទរកថាមួយទៅកាន់និស្សិតបញ្ចប់ការសិក្សាផ្នែកកងទ័ពអាកាស លោក បេននី ហ្កាន់ បានគូសបញ្ជាក់ដូច្នេះថា «នៅក្នុងរយៈពេល ២ទៅ៣ឆ្នាំខាងមុខ អ្នកទាំងអស់គ្នាអាចនឹងធ្វើដំណើរនៅលើអាកាសឆ្ពោះទៅទិសខាងកើត ដើម្បីចូលរួមក្នុងប្រតិបត្តិការវាយប្រហារលើទីតាំងនុយក្លេអ៊ែរនៅលើទឹកដីអ៉ីរ៉ង់»

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែល ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៉ីស្រាអែលបានព្យាករថានៅឆ្នាំ២០២៣ អ៉ីរ៉ង់នឹងបន្តកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរដោយសន្សឹមៗ។ ប៉ុន្តែ ទីក្រុងតេហេរ៉ង់កន្លងមកក៏បានអះអាងជារឿយៗផងដែរថាខ្លួនមិនមានបំណងផលិតគ្រាប់បែកនុយក្លេអ៊ែរនោះទេ៕